យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានផ្តល់ការគាំទ្រដល់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ដោយចាត់ទុកការឈ្លានពានរបស់អ៊ីស្រាអែលថា «ចាំបាច់» ខណៈព្រមានថា ជនស៊ីវិលមិនត្រូវស៊ូទ្រាំការរងទុក្ខពីការប្រយុទ្ធគ្នានោះទេ។
លោក Johann Wadephul ដែលទទួលស្វាគមន៍សមភាគីអ៊ីស្រាអែល លោក Gideon Saar នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃអង្គារ បាននិយាយថា «មានសិទ្ធិគ្រប់យ៉ាងសម្រាប់អ៊ីស្រាអែលនៅទីនោះ» ប៉ុន្តែបានព្រមានថា «ប្រទេសលីបង់ មិនត្រូវបានអនុញ្ញាតឱ្យក្លាយជាមហោស្រពសង្គ្រាមនោះទេ ជាកន្លែងដែលជនស៊ីវិលទទួលរងទុក្ខខ្លាំង»។ លោក Wadephul បាននិយាយបន្ថែមថា «យុវជនជំនាន់ក្រោយដែលធំឡើងក្នុងពេលមានការបំផ្លាញលំនៅឋានឪពុកម្តាយរបស់ពួកគេ» នោះ នឹងមិនធ្វើឱ្យអ៊ីស្រាអែល មានសុវត្ថិភាពឡើយ»។

លោក Gideon Saar បានការពារការប្រយុទ្ធ និងការឈ្លានពានជាបន្តបន្ទាប់នៅលីបង់ ដោយអះអាងថា អ៊ីស្រាអែល ចាំបាច់ត្រូវបំផ្លាញក្រុមហេសបូឡា និងនិយាយថា អ៊ីស្រាអែល «គ្មានមហិច្ឆតាដណ្តើមទឹកដីនៅលីបង់ទេ» ទោះបីជាយោធារបស់ខ្លួនកំពុងបំផ្លាញលំនៅឋាននៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដើម្បីបង្កើតតំបន់ដែលគេហៅថាតំបន់ទ្រនាប់ក៏ដោយ។
និយាយពីវិបត្តិនៅច្រកសមុទ្រ Hormuz លោក Wadephul បាននិយាយថា ប្រទេសអាល្លឺម៉ង់ ត្រៀមជាស្រេចដើម្បីចូលរួមក្នុងការធានាសុវត្ថិភាពផ្លូវទឹកនេះ ប្រសិនបើលក្ខខណ្ឌអនុញ្ញាត ដោយអះអាងថា «ការបិទផ្លូវរបស់អ៊ីរ៉ង់ បង្ហាញពីភាពងាយរងគ្រោះដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល»។
