កាលពីថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) មន្ត្រីអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya English ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងបន្តកិច្ចប្រឹងប្រែង ដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងលីបង់-អ៊ីស្រាអែល ហើយបានជំរុញឲ្យអ៊ីស្រាអែលបង្ហាញការអត់ធ្មត់ ទោះបីជាមានការប៉ុនប៉ងរបស់ក្រុមហេសបូឡារារាំងដំណើរការនេះក៏ដោយ។
ទីក្រុងវ៉ាស៊ីនតោនបានសម្របសម្រួលការចរចាដោយផ្ទាល់ ២ជុំ រវាងឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ហើយបើយោងតាមប្រធានាធិបតីលីបង់ បានឲ្យដឹងថា ជុំទី៣ ត្រូវបានគេរំពឹងថា នឹងកើតមានក្នុងពេលអនាគតដ៏ខ្លី។

មន្ត្រីអាមេរិកម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya English ថា៖ «យើងបានស្នើឲ្យអ៊ីស្រាអែលបង្ហាញការអត់ធ្មត់ និងផ្តល់ឱកាសដល់ដំណើរការការទូតនេះ ពីព្រោះយើងគិតថា មានលទ្ធភាពង្កើតការផ្លាស់ប្តូរនយោបាយពិតប្រាកដ នៅក្នុងប្រទេសលីបង់ ហើយពួកគេកំពុងបន្តធ្វើដូច្នេះ»។
ជាមួយគ្នានេះ មន្ត្រីរូបនេះបានជំរុញរដ្ឋាភិបាលលីបង់ «អនុវត្តតាមផែនការរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីធ្វើឲ្យទីក្រុងបេរូតក្លាយជាតំបន់សុវត្ថិភាពមិនរងគ្រោះដោយសារអាវុធ»។ ប្រភពដែលដឹងពីដំណើរការនេះបានបង្ហើបឲ្យដឹងថា ទាំងលីបង់ និងអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងបង្កើនកម្រិតតំណាងរបស់ពួកគេ បន្ទាប់ពីមានការចរចាជុំបន្ទាប់។
នៅពេលត្រូវបានសួរ អំពីការវិវត្ត លើការកំណត់ពេលវេលាកិច្ចចរចាជុំថ្មី មន្ត្រីក្រសួងការបរទេសម្នាក់ បាននិយាយថា ការទូតកំពុងដំណើរការ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការពិភាក្សាអំពីកាលបរិច្ឆេទបន្ទាប់នោះឡើយ។ មន្ត្រីក្រសួងការបរទេសរូបនេះបាននិយាយថា «យើងកំពុងធ្វើការ ដើម្បីបង្កើតលក្ខខណ្ឌ និងសន្ទុះនយោបាយដែលត្រូវការ ដើម្បីជំរុញការងារនេះ»៕

