សេតវិមានជឿជាក់ថា ខ្លួនកំពុងខិតជិតដល់ការមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ជុំវិញអនុស្សរណៈយោគយល់គ្នា ១ទំព័រ ដើម្បីបញ្ចប់សង្គ្រាម និងកំណត់ក្របខ័ណ្ឌ សម្រាប់ការចរចានុយក្លេអ៊ែរលម្អិតបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Axios នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ ដោយសំអាងដល់សម្តីមន្ត្រីអាមេរិក ២រូប និងប្រភព ២ផ្សេងទៀតដែលត្រូវបានប្រាប់ឲ្យដឹងពីបញ្ហានេះ។
ជាមួយគ្នានេះ សហរដ្ឋអាមេរិករំពឹងថា នឹងមានការឆ្លើយតបពីអ៊ីរ៉ង់ ជុំវិញចំណុចសំខាន់ៗជាច្រើន ក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។ នេះបើយោងតាមរបាយការណ៍ដែលបានព្រមានថា មិនទាន់មានអ្វីត្រូវបានព្រមព្រៀងគ្នានៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា នេះគឺជាការណ៍ដែលភាគីទាំង២ ទៅកៀកបំផុត ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមឡើង។

សេចក្ដីរាយការណ៍របស់សារព័ត៌មាន Axios បានឲ្យដឹងថា ក្នុងចំណោមបទប្បញ្ញត្តិផ្សេងទៀត កិច្ចព្រមព្រៀងនេះ នឹងពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ចំពោះការផ្អាកការបង្កើនសារធាតុនុយក្លេអ៊ែរ សហរដ្ឋអាមេរិកយល់ព្រមលុបទណ្ឌកម្មរបស់ខ្លួន និងបញ្ចេញមូលនិធិអ៊ីរ៉ង់រាប់ពាន់លានដែលត្រូវបានបង្កក ហើយភាគីទាំង២ លុបចោលការរឹតបន្តឹងលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។
អនុស្សរណៈយោគយល់គ្នា ១ទំព័រ ដែលមាន ១៤ចំណុចនេះ កំពុងត្រូវបានចរចា រវាងក្រុមតំណាងសហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner និងមន្ត្រីអ៊ីរ៉ង់ជាច្រើននាក់ ទាំងដោយផ្ទាល់ និងតាមរយៈអន្តរការី។
សារព័ត៌មាន Axios បានបន្ថែមថា នៅក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន អនុស្សរណៈនេះនឹងប្រកាសពីការបញ្ចប់សង្គ្រាម នៅក្នុងតំបន់ និងការចាប់ផ្តើមនៃការចរចារយៈពេល ៣០ថ្ងៃ ស្ដីពីកិច្ចព្រមព្រៀងលម្អិតមួយដើម្បីបើកច្រកសមុទ្រ កំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងលុបទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
