នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកនឹងចំណាយថវិកា ៧,២២ពាន់លានដុល្លារ ដើម្បីជំរុញស្តុកប្រេងជាតិរបស់ខ្លួន ហើយនិងបង្កើនទុនបម្រុងប្រេងអចិន្រ្តៃយ៍គ្រប់គ្រងដោយរដ្ឋាភិបាល ។
លោក Albanese និយាយថា ស្តុក និងទុនបម្រុងបង្កើនប្រហែល ១ពាន់លានលីត្រ(ស្មើនឹង ២៦៤លានហ្គាឡុង)នេះ នឹងធានាថា អូស្រ្តាលី នឹងមានប្រេងយ៉ាងហោច ៥០ថ្ងៃនៅមាត់សមុទ្រ ដើម្បីការពារមិនឲ្យប្រទេសមួយនេះឡើងថ្លៃប្រេង ។
ដោយឡែក រដ្ឋមន្រ្តីថាមពលអូស្រ្តាលីលោក Chris Bowen និយាយថា អូស្រ្តាលី ស្ថិតនៅក្នុងចំណោមប្រទេសប៉ុន្មានប៉ុណ្ណោះ នៅទីភ្នាក់ងារថាមពលអន្តរជាតិដែលពុំមានទុនប្រេងបម្រុងគ្រប់គ្រងដោយរដ្ឋាភិបាល ។
លោកបន្តថា ដូច្នេះហើយ បច្ចុប្បន្ន ពួកយើងត្រូវតែមានទុនប្រេងបម្រុងគ្រប់គ្រងដោយរដ្ឋាភិបាល ប្រហែល ១ពាន់លានលីត្រ ដើម្បីបន្ថែមពីលើស្តុកអប្បរមា ដែលវិស័យឯកជនមាន ។
សូមបញ្ជាក់ថា អូស្រ្តាលី បាននាំចូលប្រេងប្រហែល ៨០ភាគរយ ហើយនិងបានជួបកង្វះខាតប្រេងក្នុងស្រុក ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅតំបន់មជ្ឈិមបូព៌ា ពេលដែលសហរដ្ឋអាមេរិក-អ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ៕