យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ ទី៦ ខែឧសភាថា យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបាញ់និងបញ្ឈប់នាវាដឹកប្រេងមួយគ្រឿងដែលព្យាយាមទម្លាយការបិទផ្លូវទឹករបស់ទីក្រុងវ៉ាស៊ីនតោននៅកំពង់ផែអ៊ីរ៉ង់។ នេះជាលើកទីពីរហើយ ដែលយោធាសហរដ្ឋអាមេរិក បានបាញ់ទៅលើនាវាដែលខ្លួននិយាយថាកំពុងព្យាយាមបំពានលើការបិទផ្លូវទឹក ដែលត្រូវបានដាក់ ចាប់តាំងពីថ្ងៃទី ១៣ ខែមេសា។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញ X ថា កងកម្លាំងសហរដ្ឋអាមេរិក បានព្រមាននាវា M/T Hasna បំពាក់ទង់ជាតិអ៊ីរ៉ង់គ្មានផ្ទុកទំនិញថា នាវានេះកំពុងរំលោភលើការបិទផ្លូវទឹក ប៉ុន្តែក្រុមនាវិកមិនបានគោរពតាមនោះទេ ដូច្នេះយន្តហោះចម្បាំង F/A-18 Super Hornet របស់សហរដ្ឋអាមេរិក បានបញ្ឈប់ចង្កូតនាវាដឹកប្រេងនោះដោយបាញ់កាំភ្លើងជាច្រើនគ្រាប់ពីកាំភ្លើង២០មីលីម៉ែត្រ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា នាវា Hasna លែងឆ្លងកាត់ទៅអ៊ីរ៉ង់ទៀតហើយ និងបាននិយាយបន្ថែមថា «ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិកប្រឆាំងនឹងនាវាដែលព្យាយាមចូល ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់ នៅតែមានជាធរមានពេញលេញ»។

កងកម្លាំងរបស់ទីក្រុងតេអេរ៉ង់ បានបិទផ្លូវទឹកដ៏សំខាន់នៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសម្រាប់ដឹកជញ្ជូនប្រេង និងឧស្ម័ន បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ សហរដ្ឋអាមេរិក ក៏បានប្រកាសបិទកំពង់ផែអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅក្នុងប្រទេសប៉ាគីស្ថាន បានបរាជ័យក្នុងការឈានដល់ការទម្លាយភាពទាល់ច្រកកាលពីខែមុន។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា នាវាពាណិជ្ជកម្មជាង ៥០ គ្រឿង ត្រូវបានណែនាំឱ្យត្រឡប់ក្រោយ ឬត្រឡប់ទៅកំពង់ផែវិញ ដើម្បីអនុវត្តតាមការបិទផ្លូវទឹក។