លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយ ដោយបញ្ជូនការព្រមានទៅកាន់ទីក្រុងមូស្គូថា ទីក្រុងគីវនឹង«ឆ្លើយតបវិញដូចគ្នា» ចំពោះការវាយប្រហាររបស់រុស្ស៊ី។ អ៊ុយក្រែននឹងសម្រេចចិត្តលើសកម្មភាពរបស់ខ្លួនឆ្ពោះទៅរកក្បួនព្យុហយាត្រាទិវាជ័យជម្នះរបស់រុស្ស៊ី «អាស្រ័យលើស្ថានភាពនៅយប់នេះ និងថ្ងៃស្អែក»។

លោក Zelenskyy បានចោទប្រកាន់រុស្ស៊ីពីបទបដិសេធកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកបទឈប់បាញ់ដោយការវាយប្រហារជារៀងរាល់ម៉ោងនៅទូទាំងប្រទេស ដោយព្រមានទីក្រុងមូស្គូថា ទីក្រុងគីវនឹង «ឆ្លើយតបវិញដូចគ្នា»។ការវាយប្រហារដោយយានដ្រូននិងមីស៊ីលរបស់រុស្ស៊ី លើអ៊ុយក្រែន កាលពីយប់ជ្រៅថ្ងៃអង្គារបានសម្លាប់មនុស្ស២២នាក់ និងជាង៨០នាក់រងរបួស ប៉ុន្មានម៉ោងមុនបទឈប់បាញ់ចូលជាធរមាន។

លោក Zelenskyy បាននិយាយក្នុងសុន្ទរកថាពេលល្ងាចមួយកាលពីថ្ងៃពុធ ៦ឧសភា សប្ដាហ៍នេះថា គិតត្រឹមថ្ងៃនេះ ពួកលោកមើលឃើញថា រុស្ស៊ីបានឆ្លើយតបសំណើរបស់ពួកលោកសម្រាប់បទឈប់បាញ់តែជាមួយនឹងការវាយប្រហារថ្មីៗប៉ុណ្ណោះ។ អាស្រ័យលើស្ថានភាពនៅយប់នេះ និងថ្ងៃស្អែក ពួកលោកក៏នឹងកំណត់ការឆ្លើយតបដែលសមហេតុផលទាំងស្រុងរបស់ពួកលោកវិញផងដែរ។

លោកក៏បានបញ្ជាក់ផងដែរថា រុស្ស៊ី បានទទួលសំណើច្បាស់លាស់ ពីទីក្រុងគីវទាក់ទងនឹងបទឈប់បាញ់ និងការទូត ហើយវិមានក្រឹមឡាំង ដឹងពីរបៀបទាក់ទងអ៊ុយក្រែន ឬដៃគូរបស់ខ្លួន ដើម្បីយល់ព្រមលើព័ត៌មានលម្អិត។ កាលពីដើមសប្តាហ៍នេះ រុស្ស៊ីបានប្រកាសថានឹងមាន "បទឈប់បាញ់ទិវាជ័យជម្នះ" រយៈពេលពីរថ្ងៃនៅថ្ងៃទី ៨និង៩ ឧសភា ដែលត្រូវបានគ្រោងទុកដើម្បីស្របពេលជាមួយនឹងក្បួនព្យុហយាត្រាទិវាជ័យជម្នះរបស់ប្រទេសនេះនៅលើទីលានចតុរង្គក្រហមក្នុងទីក្រុងមូស្គូ។
អ៊ុយក្រែនបានឆ្លើយតបជាមួយនឹងសំណើឈប់បាញ់របស់ខ្លួនសម្រាប់ម៉ោង១២ យប់ថ្ងៃទី ៦ ខែឧសភា ដោយអះអាងថាពេលវេលាកំណត់របស់ខ្លួននឹងគ្រប់គ្រាន់ដើម្បីសាកល្បងថាតើការផ្អាកការប្រយុទ្ធពិតប្រាកដអាចកើតឡើងឬអត់៕