ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ៣ប្រភេទ រួមមាន PUBG Mobile, Total Football និង Crossfire: Legends បានចេញទៅប្រកួតកីឡាកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
យោងតាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នេះជាលើកដំបូង ដែលសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន(SEAEF) បានរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះឡើង បន្ទាប់ពីសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន បានបង្កើតឡើងផ្លូវការ កាលពីខែតុលា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍នេះដែរ នឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយគណៈកម្មការរៀបចំបានកំណត់ការប្រកួតលើ ៥ប្រភេទ រួមមានកីឡា Crossfire Legends , PUBG Mobile , Total Football , Teamfight Tactics និង Audition ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡាអេឡិចត្រូនិក ៣ប្រភេទចូលរួម។
សម្រាប់ការប្រកួតនេះដែរ ធ្វើឡើងក្នុងគោលបំណងផ្តល់ឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ នៃបណ្ដាប្រទេសអាស៊ានទាំង ១១ បង្កើនសមត្ថភាព បទពិសោធ និងត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗមានដូចជាកីឡាស៊ីហ្គេម កីឡាទ្វីបអាស៊ី និងកីឡាអន្តរជាតិផ្សេងៗមានដូចជាកីឡាអូឡាំពិកជាដើម៕ អត្ថបទ លី ឈុនឡា






