ហ្វីលីពីន៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកជំទាវ Maria Cristina Aldeguer-Roque រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វ៊ីលីពីន ដែលជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៧ នៅកោះសេប៊ូ ប្រទេសហ្វ៊ីលីពីន។
កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានរួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ហ្វ៊ីលីពីន វឌ្ឍនភាពនៃការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ព្រមទាំងពិភាក្សាអំពីស្ថានភាពវិវត្តន៍ចុងក្រោយនៃភូមិសាស្រ្តសេដ្ឋកិច្ចនយោបាយ។







