រដ្ឋមន្ត្រីការបរទេស និងជាឧបនាយករដ្ឋមន្ត្រី លោក Ishaq Dar បាននិយាយកាលពីថ្ងៃពុធ ទី៦ ខែឧសភាថា ប្រទេសប៉ាគីស្ថាន កំពុងខិតខំដើម្បីធានាបានថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឈានទៅរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។

អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងពិនិត្យឡើងវិញសំណើថ្មីមួយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រភពជាច្រើនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងខិតជិតដល់ការចុះហត្ថលេខាលើអនុស្សរណៈមួយទំព័រ ដើម្បីបញ្ចប់សង្គ្រាមនៅឈូងសមុទ្រ ខណៈទុកបញ្ហាស្មុគស្មាញដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅពេលក្រោយ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់ នឹងផ្តល់ការឆ្លើយតបរបស់ខ្លួនក្នុងពេលឆាប់ៗនេះតាមរយៈប្រទេសប៉ាគីស្ថាន ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាព ហើយចាប់តាំងពីពេលនោះមក បានបម្រើជាផ្លូវដ៏សំខាន់សម្រាប់សាររវាងភាគីទាំងពីរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ មានបំណងចរចា។
ប្រភពពីប្រទេសប៉ាគីស្ថាន និងប្រភពមួយផ្សេងទៀត ដែលបានសង្ខេបអំពីការសម្របសម្រួល បានបញ្ជាក់ពីព័ត៌មានដែលត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios អំពីអនុស្សរណៈមួយទំព័រមានចំនួន១៤ចំណុចដែលបានស្នើឡើង នឹងបញ្ចប់សង្គ្រាមជាផ្លូវការ។ ប្រភពព័ត៌មានបាននិយាយថា អនុស្សរណៈនេះ នឹងត្រូវបានបន្តដោយកិច្ចពិភាក្សាដើម្បីបើកការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រHormuz ការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងព្រមព្រៀងលើការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។