ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) បាននិយាយថា លោកជឿថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ «អាចមានលទ្ធភាពខ្ពស់កើតឡើង» ប៉ុន្តែបានគំរាមថា នឹងចាប់ផ្ដើមប្រតិបត្តិការទម្លាក់គ្រាប់បែកឡើងវិញ លើប្រទេសនេះ ប្រសិនបើការចរចាមិនទទួលបានលទ្ធផលផ្លែផ្កាអ្វីទេនោះ។
ទោះបីជាមេដឹកនាំអាមេរិកមានសុទិដ្ឋិនិយមក៏ដោយ ក៏អ៊ីរ៉ង់មិនទាន់ឆ្លើយតបទៅនឹងសំណើថ្មីរបស់សហរដ្ឋអាមេរិកនៅឡើយទេ ដោយប្រធានក្រុមអ្នកចរចារបស់ប្រទេសនេះ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្ខំឲ្យទីក្រុងតេអេរ៉ង់ «ចុះចាញ់»។

ក្រោយបន្តជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍ ភាពវិជ្ជមាននេះ បង្ហាញថា គូសត្រូវទាំង២ អាចវិលត្រឡប់ទៅកាន់តុចរចាវិញ បន្ទាប់លោក Trump បានបញ្ឈប់ប្រតិបត្តិការយោធារយៈពេលខ្លីមួយ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយលើកឡើងពីក្តីសង្ឃឹម សម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។
លោក Trump បានលើកឡើងនៅលើបណ្ដាញសង្គមកាលពីថ្ងៃពុធថា ប្រសិនបើ «អ៊ីរ៉ង់យល់ព្រមតាមអ្វីដែលត្រូវបានព្រមព្រៀងគ្នា» សង្គ្រាមនឹងចប់ ប៉ុន្តែប្រសិនបើមិនព្រមទេ ការទម្លាក់គ្រាប់បែកនឹងចាប់ផ្ដើមឡើងវិញ «ក្នុងកម្រិតខ្លាំងក្លា និងធ្ងន់ធ្ងរជាងមុនឆ្ងាយ»។
ក្រោយមក នៅក្នុងការិយាល័យប្រធានាធិបតី Oval Office លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមាននូវកិច្ចពិភាក្សាល្អណាស់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយវាអាចទៅរួចខ្លាំងណាស់ដែលយើងនឹងធ្វើកិច្ចព្រមព្រៀងមួយ»។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ផែនការ និងសំណើរបស់សហរដ្ឋអាមេរិក នៅតែស្ថិតក្រោមការពិនិត្យពិចារណា» ហើយថា ទីក្រុងតេអេរ៉ង់នឹងបង្ហាញជំហររបស់ខ្លួនទៅកាន់ប្រទេសអន្តរការី គឺប៉ាគីស្ថាន «បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យរបស់ខ្លួន»៕
