មេដឹកនាំអាស៊ីអាគ្នេយ៍ គ្រោងចេញផែនការបន្ទាន់មួយ ដែលគាំទ្រច្បាប់អន្តរជាតិ អធិបតេយ្យភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ដែលអាចត្រូវបានចាត់ទុកថា ជាការរិះគន់ខ្លាំងៗដោយប្រយោល ចំពោះសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ពាក់ព័ន្ធនឹងសង្គ្រាមមជ្ឈិមបូព៌ា ដែលបានប៉ះពាល់ដល់តំបន់របស់ពួកគេ។ នេះបើយោងតាមសេចក្តីព្រាងសេចក្តីប្រកាស ដែលសារព័ត៌មាន AP បានឃើញនៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ។
សេចក្តីប្រកាសនេះ នឹងចេញដោយបណ្ដាមេដឹកនាំនៃសមាជិកមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅពេលដែលថ្នាក់ដឹកនាំទាំងអស់ជួបគ្នា នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នាថ្ងៃសុក្រ នៅខេត្តកោះ Cebu នៅភាគកណ្តាលនៃប្រទេសហ្វីលីពីន។

សេចក្ដីព្រាងនេះ ក៏បានគូសបញ្ជាក់ពីផែនការវិបត្តិ ដើម្បីដោះស្រាយកង្វះខាតថាមពល និងបញ្ហាសកលផ្សេងទៀត ដែលបណ្តាលមកពីសង្គ្រាម។ ម្ចាស់ផ្ទះឆ្នាំនេះ គឺប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា កិច្ចប្រជុំកំពូលជាមួយមេដឹកនាំជាតិចំនួន ១០រូបផ្សេងទៀត និងតំណាងកម្រិតទាបម្នាក់មកពីសហភាពមីយ៉ាន់ម៉ា នឹងផ្តោតលើសន្តិសុខថាមពល ក្នុងតំបន់ ការផ្គត់ផ្គង់ស្បៀងអាហារ និងការការពារប្រជាជនរបស់ប្លុក រួមទាំងកម្មករ និងអ្នកដើរសមុទ្រអាស៊ីអាគ្នេយ៍ជាង ១លាននាក់ នៅតំបន់មជ្ឈិមបូព៌ា។
បណ្ដាមេដឹកនាំនៃសមាជិករបស់ប្លុកនេះ បានសម្តែងក្ដីបារម្ភយ៉ាងខ្លាំង ចំពោះសង្គ្រាម ដែលបានបណ្តាលឲ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ និងធ្វើឲ្យប្រជាពលរដ្ឋជាច្រើននៃប្រទេសរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់។ កម្មករជាច្រើន នៅតំបន់មជ្ឈិមបូព៌ា រួមទាំង ២នាក់ទៅពីហ្វីលីពីនផងដែរ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ន ហើយកម្មកររាប់ពាន់នាក់មកពីអាស៊ីអាគ្នេយ៍ បានត្រឡប់ទៅស្រុកកំណើតវិញ ឬត្រូវបានជម្លៀសដោយរដ្ឋាភិបាលរបស់ពួកគេចេញពីតំបន់ដែលមានបញ្ហានេះ៕

