យោធាប៉ាគីស្ថានបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងឆ្លើយតបយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហារណាមួយ ខណៈដែលខ្លួនបានប្រារព្ធខួបនៃជម្លោះរយៈពេល ៤ថ្ងៃកាលពីឆ្នាំមុន ជាមួយឥណ្ឌាជិតខាង ដែលបាននាំគូប្រជែងដែលមានអាវុធនុយក្លេអ៊ែរទៅកាន់ស្ថានភាពនៃសង្គ្រាម មុនពេលបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក បានបញ្ឈប់ការប្រយុទ្ធគ្នានោះ។
យោធាបាននិយាយថា៖«ផែនការអរិភាព” ណាមួយប្រឆាំងនឹងប៉ាគីស្ថាន នឹងត្រូវបានតបតដោយ «កម្លាំង ភាពជាក់លាក់ និងការតាំងចិត្តកាន់តែខ្លាំង» ជាងអ្វីដែលឥណ្ឌាបានឃើញក្នុងអំឡុងពេលជម្លោះខែឧសភា ឆ្នាំ២០២៥ ដែលអ៊ីស្លាម៉ាបាដដាក់ឈ្មោះថា «Marka-e-Haq» ឬ «សមរភូមិនៃសេចក្តីពិត»។
ប៉ាគីស្ថាន និងឥណ្ឌាបានវាយប្រហារគ្នាទៅវិញទៅមក បន្ទាប់ពីការវាយប្រហារដោយខ្មាន់កាំភ្លើងនៅផ្នែកដែលគ្រប់គ្រប់គ្រងដោយឥណ្ឌានៃតំបន់កាស្មៀរដែលមានជម្លោះ បានសម្លាប់មនុស្ស ២៦នាក់ ដោយភាគច្រើនជាអ្នកទេសចរហិណ្ឌូ។ ឥណ្ឌាបានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយប៉ាគីស្ថានចំពោះការសម្លាប់រង្គាល ជាការចោទប្រកាន់ដែលទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធ ខណៈពេលដែលអំពាវនាវឲ្យ មានការស៊ើបអង្កេតឯករាជ្យ។
ឥណ្ឌាបានបើកការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃទី ០៧ ខែឧសភា ដែលបង្កឲ្យមានការវាយប្រហារសងសឹកដោយប៉ាគីស្ថាន ដែលរួមមានការលុកលុយដោយយានដ្រូន ការវាយប្រហារដោយមីស៊ីល និងការបាញ់កាំភ្លើងធំ។ មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅសងខាង មុនពេលបទឈប់បាញ់ត្រូវបានសម្រេច នៅថ្ងៃទី ១០ ខែឧសភា បន្ទាប់ពីការសម្របសម្រួលដោយសហរដ្ឋអាមេរិក៕

