នាយករដ្ឋមន្រ្តីប្រទេសកោះសូឡូម៉ុនលោក Jeremiah Manele ត្រូវបានគេទម្លាក់ចេញពីអំណាចនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយចាញ់ការបោះឆ្នោតទំនុកចិត្ត នៅក្នុងសភាប្រទេសមួយនេះ ។
ប្រធានសភាសូឡូម៉ុនលោក Patterson Oti និយាយថា លោក Manele ចាញ់ឆ្នោត ២២-២៦ សំឡេង ក្នុងនោះអនុប្បវាទ ២នាក់ ។
លោកនៅបន្តកាន់តំណែងរហូតដល់រូបលោកត្រូវបានដកចេញដោយអគ្គទេសាភិបាលដែលមានតួនាទីជាអ្នកតំណាងប្រមុខរដ្ឋប្រទេសដែលជាព្រះមហាក្សត្រអង់គ្លេស Charles ។
ស្ថិតនៅចម្ងាយ ១.៦០០គ.ម ភាគឦសានអូស្រ្តាលី សារៈសំខាន់យុទ្ធសាស្រ្តរបស់ប្រទេសកោះសូឡូម៉ុន បានក្លាយជាការផ្តោតអារម្មណ៍មួយ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារការពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយចិន ។
នៅឆ្នាំ ២០២២ ប្រទេសកោះសូឡូម៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ដែលជំរុញឲ្យមានក្តីបារម្ភពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសជិតខាងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ។
ការបណ្តេញចេញពីតំណែងរបស់លោក Manele បណ្តាលមកពីរដ្ឋមន្រ្តីរដ្ឋាភិបាលរាប់សិបនាក់ បានផ្តាច់ខ្លួនទៅរកគណបក្សប្រឆាំងកាលពីខែមីនា ។ លោក Manele បដិសេធន៍មិនកោះប្រជុំសភាឡើងវិញ ដើម្បីចៀសវាងការបោះឆ្នោតទំនុកចិត្ត ប៉ុន្តែក្រោយមក តុលាការចំនួន ២ បានបញ្ជាឲ្យមានការជួបប្រជុំរបស់សភា ៕