សារព័ត៌មានក្នុងស្រុករាយការណ៍ថា ពលរដ្ឋអូស្រ្តាលីដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ិស្លាម បានឡើងជិះជើងហោះហើរនៅប្រទេសកាតា ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ កាលពីថ្ងៃពុធ ។
នគរបាលអូស្រ្តាលីនិយាយថា ពលរដ្ឋអូស្ត្រាលីដែលវិលត្រឡប់មកវិញមួយចំនួន អាចនឹងត្រូវចាប់ខ្លួន ហើយនិងរងការចោទប្រកាន់ ពេលពួកគេមកដល់ ខណៈពលរដ្ឋផ្សេងទៀត អាចនឹងស្ថិតក្រោមការស៊ើបអង្កេត ។ ចំណែកឯក្មេងៗនឹងត្រូវឆ្លងកាត់ការធ្វើសមាហរណកម្មសហគមន៍ និងកម្មវិធីគាំទ្រ ។
គួរឲ្យដឹងថា ស្រ្តីជនជាតិអូស្រ្តាលីមួយចំនួន បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៦ ដើម្បីចូលរួមជាមួយប្តីរបស់ពួកគេ ដែលរងការចោទប្រកាន់ថា ក្លាយជាសមាជិករបស់រដ្ឋអ៊ិស្លាម ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអូស្រ្តាលី បានឲ្យដឹងថា បន្ទាប់ពីការដួលរលំរបបព្រះចៅកាលីហ្វកាលពីឆ្នាំ ២០១៩ ភាគច្រើននៃពួកគេ ត្រូវបានឃាត់ខ្លួននៅក្នុងជំរំ ខណៈដែលពួកគេខ្លះទៀត បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ៕