នៅថ្ងៃព្រហស្បតិ៍នេះ សមាជិព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Steve Daines បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅក្នុងទីក្រុងប៉េកាំង ដោយភាគីទាំង ២ ចាត់ទុកថា វាជាជំហានមួយឆ្ពោះទៅរកការធ្វើឲ្យស្ថិរភាពទំនាក់ទំនងជាប់គាំងរវាងចិន និងសហរដ្ឋអាមេរិក មុនជំនួបរវាងលោក Trump និងលោក Xi នាសប្តាហ៍ក្រោយ នៅក្នុងប្រទេសចិន ។
លោក Wang ចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Daines ដែលជាគណៈប្រតិភូដំបូងនៃសមាជិកព្រឹទ្ធសភាសហរដ្ឋអាមរិក ចាប់តាំងពីលោក Trump ឡើងកាន់តំណែង ថាមានសារៈសំខាន់ជានិមិត្តរូប ។
លោកបានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសន្ទនាទល់មុខគ្នា និងជាចំណុចចាប់ផ្តើមសម្រាប់បង្កើតទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីធានាការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយសុខភាព ស្ថិរភាព និងនិរន្តរភាព ។
លោក Wang និយាយថា គោលនយោបាយរបស់ចិនចំពោះសហរដ្ឋអាមេរិកមានភាពស៊ីសង្វាក់គ្នា ហើយលោកគាំទ្រឲ្យមានការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
ដោយឡែក លោក Daines បានបញ្ជាក់ពីគោលដៅចែករំលែកផងដែរ ដោយរូបលោកលើកឡើងថា ពួកយើងស្វែងរកលទ្ធផលតែមួយលើកិច្ចសហប្រតិបត្តិការប្រកបដោយស្ថិរភាព និងសន្តិភាព ។
សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានកំណត់ឲ្យបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែឧសភាខាងមុខនេះ ដើម្បីជួបប្រធានាធិបតីចិនលោក Xi Jinping អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេល ៨ឆ្នាំ និងជាដំណើរទស្សនកិច្ចគេឃ្លាំមើលយ៉ាងដិតដល់មួយ ដែលត្រូវបានផ្អាក ដោយសារសង្រ្គាមអ៊ីរ៉ង់ ៕