នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីនៅតែបន្តបំពានបទឈប់បាញ់ដែលត្រូវបានស្នើឡើងដោយទីក្រុងគីវ ដោយបន្ថែមថា អ៊ុយក្រែន នឹងបន្តការវាយប្រហារចម្ងាយឆ្ងាយ ប្រសិនបើរុស្ស៊ីមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន។
លោក Zelenskiy បានស្នើឲ្យមានការផ្អាកប្រយុទ្ធ ដោយចាប់ផ្តើមពីថ្ងៃទី៦ ខែឧសភានេះ ដើម្បីឆ្លើយតបទៅនឹងបទឈប់បាញ់ដែលបានស្នើឡើងដោយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែឧសភា ដែលស្របជាមួយនឹងព្រឹត្តិការណ៍រំលឹកខួបជ័យជម្នះសង្គ្រាមលោកលើកទី២ របស់ខ្លួន។ ទីក្រុងមូស្គូ មិនបានបញ្ជាក់ថា ខ្លួននឹងអនុវត្តតាមសំណើរបស់ទីក្រុងគីវនោះទេ។
លោក Zelenskiy បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើយានដ្រូន មីស៊ីល ការបាញ់ផ្លោង និងការវាយប្រហារតាមបណ្តោយខ្សែត្រៀមជួរមុខ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃនេះ។
កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា អង្គភាពរបស់ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន ៩២គ្រឿង ក្នុងចំណោម ១០២គ្រឿង ចាប់តាំងពីម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៥ ម៉ោងសកល) កាលពីថ្ងៃពុធ។
នៅថ្ងៃពុធនោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា រុស្ស៊ីបានព្រមានបេសកកម្មការទូតឲ្យជម្លៀសចេញពីទីក្រុងគីវ ក្នុងករណីមានការវាយប្រហារទ្រង់ទ្រាយធំណាមួយដោយទីក្រុងមូស្គូ ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការរំខានដល់ព្រឹត្តិការណ៍ទិវាជ័យជម្នះ។
យ៉ាងណាក្ដី លោក Zelenskyy បានបញ្ជាក់ថា៖ «ជាការឆ្លើយតបតាមការវាយប្រហាររបស់រុស្ស៊ី យើងនឹងបន្តវិធានការចម្ងាយឆ្ងាយរបស់យើង។ ហើយដើម្បីឆ្លើយតបទៅនឹងឆន្ទៈរបស់រុស្ស៊ី ក្នុងការឆ្ពោះទៅរកការទូត យើងនឹងបន្តដើរតាមផ្លូវការទូត»៕