ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Santiago Pena បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេសប៉ារ៉ាហ្គាយ និងកោះតៃវ៉ាន់ចែករំលែកទំនាក់ទំនងមិត្តភាពដែលផ្អែកលើសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដែលពង្រីកហួសពីទម្រង់បែបបទការទូត ខណៈដែលចិនបានប្រាប់រូបលោកឲ្យកាត់ផ្តាច់ចំណងទាក់ទងជាមួយទីក្រុងតៃប៉ិ។
ដំណើរទស្សនកិច្ចរបស់លោកកើតឡើងនៅពេលដែលប្រទេសចិនបង្កើនកិច្ចប្រឹងប្រែង ដើម្បីទាញប្រទេសអាមេរិកខាងត្បូងមួយនេះឲ្យងាកចេញពីការគាំទ្រយូរអង្វែងរបស់ខ្លួន ចំពោះទីក្រុងតៃប៉ិ។ ដំណើរនេះគឺជាទស្សនកិច្ចលើកទី២ របស់លោក Pena ក្នុងនាមជាប្រធានាធិបតី ទៅកាន់កោះតៃវ៉ាន់។ ប៉ារ៉ាហ្គាយគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ១២ ដែលនៅតែរក្សាទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានទាមទារដោយទីក្រុងប៉េកាំង។
អំឡុងពេលថ្លែងជាភាសាអង់គ្លេសទៅកាន់និស្សិតសាកលវិទ្យាល័យ នៅទីក្រុងតៃប៉ិ បន្ទាប់ពីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស លោក Pena បាននិយាយថា ប៉ារ៉ាហ្គាយ និងកោះតៃវ៉ាន់ មានសម្ព័ន្ធភាពដែលផ្អែកលើសេរីភាព។ លោកបានបញ្ជាក់ថា៖ «ប្រទេសប៉ារ៉ាហ្គាយ និងកោះតៃវ៉ាន់ចែករំលែកទំនាក់ទំនងមិត្តភាពដែលបង្កើតឡើង ដោយផ្អែកគ្រឹះរឹងមាំ លទ្ធិប្រជាធិបតេយ្យ សេរីភាព ទំនុកចិត្តលើស្ថាប័ន សេចក្តីថ្លៃថ្នូរនៃកិច្ចខិតខំប្រឹងប្រែង។ ទំនាក់ទំនងទ្វេភាគីរបស់យើង ពង្រីកហួសពីទម្រង់បែបបទការទូត។ វាត្រូវបានបង្ហាញនៅក្នុងសកម្មភាពជាក់ស្តែង សមិទ្ធផលជាក់ស្តែង និងឱកាសពិតប្រាកដ សម្រាប់ភាគីទាំង២»។
យ៉ាងណាក្ដី នៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃទី៧ ខែឧសភានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប៉ារ៉ាហ្គាយគួរតែ «ឈរនៅខាងភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ» ហើយ «ផ្តាច់នូវអ្វីដែលហៅថា ទំនាក់ទំនងការទូតជាមួយអាជ្ញាធរកោះតៃវ៉ាន់»។ លោក Lin បានសង្កត់ធ្ងន់ថា៖ «គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងឯកភាពជាសកលរបស់សហគមន៍អន្តរជាតិ»៕