ក្រុមមន្រ្តីសន្តិសុខនៅតំបន់ Puntland របស់សូម៉ាលី និយាយប្រាប់ទីភ្នាក់ងារ AFPថា ទូករបស់អារ៉ាប់រួមដែលត្រូវបានប្លន់ដោយចោរសមុទ្រសូម៉ាលីកាលពីខែមុន ត្រូវបានបោះបង់ចោលនៅក្នុងសមុទ្រអារ៉ាប់ ក្រោយពួកគេមិនអាចប្រើប្រាស់ទូកនេះ ដើម្បីវាយប្រហារនាវាផ្សេងទៀត ។
ក្រុមចោរសមុទ្រមានសមាជិក ១១នាក់ បានរឹបអូសយកទូក Fahad-4 កាលពីចុងខែមេសា ដែលមានចម្ងាយប្រហែល ១៩គ.មពីទីក្រុងតំបន់ឆ្នេរ Dhinowda ស្ថិតនៅភាគឦសានសូម៉ាលី ។
ពុំទាន់មានព័ត៌មានភ្លាមៗនោះទេពីជោគវាសនារបស់ក្រុមនាវិកនៅលើទូកដឹកក្រួចឆ្មាមួយគ្រឿងនោះ ហើយអាជ្ញាធរសូម៉ាលី នៅមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជាផ្លូវការផងដែរពីស្ថានភាពរបស់ទូក ។
ក្រុមមន្រ្តីសន្តិសុខតំបន់ Puntland និយាយថា ក្រុមចោរសមុទ្រ បានបើកចេញពីតំបន់ជិតកំពង់ផែ Garacad ដែលមានចម្ងាយប្រហែល ៦០០គ.មភាគខាងជើងរដ្ឋធានី Mogadishu របស់សូម៉ាលី ។
មន្រ្តីសន្តិសុខម្នាក់និយាយថា ក្រោយប្លន់យកទូករួច ក្រុមចោរសមុទ្រ បានបើកក្នុងដែនទឹកសូម៉ាលី ដោយប្រើប្រាស់ទូកប្លន់បាននេះ ធ្វើជាយានជំនិះ ដើម្បីវាយប្រហារនាវាផ្សេងទៀត ។
មន្រ្តីសន្តិសុខម្នាក់ទៀត និយាយថា ក្រោយមកក្រុមចោរសមុទ្រ បង្ខំចិត្តបោះបង់ចោលទូកមួយគ្រឿងនេះ នៅថ្ងៃទី ៤ ខែឧសភា ពេលដែលគ្រឿងផ្គត់ផ្គង់របស់ពួកគេជិតអស់ ហើយពួកគេមិនអាចវាយប្រហារនាវាផ្សេងទៀត ដោយសារតែមានការប្រុងប្រយ័ត្នខ្ពស់របស់នាវាដែលធ្វើដំណើរឆ្លងកាត់ដែនទឹកសូម៉ាលី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ៕