ប្រទេសឆាដ បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ក្រោយការពួនស្ទាក់វាយប្រហាររបស់ក្រុមឧទ្ទាម Boko Haram នៅតំបន់បាសាំង Lake Chad កាលពីថ្ងៃពុធ បណ្តាលឲ្យឧត្តមសេនីយ៍ ២នាក់ ស្លាប់ ។
ការវាយប្រហារនេះដែរ បានកើតមាន បន្ទាប់ពីការវាយប្រហារដោយក្រុមមានមូលដ្ឋាននៅប្រទេសនីហ្សេរីយ៉ាមួយនេះ កាលពីរយៈពេល ២ថ្ងៃមុន លើមូលដ្ឋានយោធា Barka Tolorom ស្ថិតនៅជិតតំបន់ Lake Chad ដែលមើលឃើញទាហានយ៉ាងហោច ២៤នាក់ស្លាប់ ក្នុងនោះកងទ័ពនិយាយថា ក្រុមវាយប្រហារជាច្រើននាក់ ត្រូវបានសម្លាប់ដូចគ្នា ។
រដ្ឋាភិបាលឆាដ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចាប់ពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃពុធ រហូតដល់ថ្ងៃសៅរ៍ ត្រូវកាន់ទុក្ខដល់អ្នកដែលបានស្លាប់ អំឡុងការវាយប្រហាររបស់ក្រុមភេរវកម្ម ដែលបានកើតឡើងកាលពីថ្ងៃទី ៤ និងថ្ងៃទី ៦ ខែឧសភា ។
តំបន់ Lake Chad ដែលមានព្រំដែនរួមគ្នារវាងនីហ្សេរីយ៉ា កាមរូន នីហ៊្សេ និងឆាដ បានមើលឃើញការហក់ឡើងខ្ពស់សកម្មភាពរបស់ក្រុម JAS ដែលជាខ្សែបណ្តាញរបស់ក្រុមឧទ្ទាម Boko Haram ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រួមទាំងការចាប់ជម្រិត និងការវាយប្រហារលើកងកម្លាំងសន្តិសុខ ៕