តម្លៃភាគហ៊ុនសកលបានធ្លាក់ចុះ និងតម្លៃប្រេងកើនឡើងនៅថ្ងៃសុក្រ៨ឧសភា សប្ដាហ៍នេះ ខណៈការប៉ះទង្គិចគ្នារវាងអាមេរិកនិងអ៊ីរ៉ង់ ក្នុងច្រកសមុទ្រ Hormuz បានបង្អាក់ក្ដីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម និងបើកផ្លូវទឹកដ៏សំខាន់។

តម្លៃប្រេងដែលបានធ្លាក់ចុះប្រហែល១០% កាលពីជាង៣ថ្ងៃកន្លងទៅ បានកើនឡើងជាង១% វិញនៅថ្ងៃសុក្រនេះ។
តម្លៃប្រេងឆៅ Brent បានកើនឡើង១,៤១ ដុល្លារ ឬ១,៤១% ក្នុងតម្លៃ១០១,៤៧ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១និង២៣នាទីម៉ោងសកល ។ចំណែកតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរសហរដ្ឋអាមេរិក បានហក់ឡើង១,១២ដុល្លារឬ១,១៨% ក្នុងតម្លៃ៩៥,៩៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។

ផ្សារភាគហ៊ុនទូទាំងពិភពលោក បានរីករាយនឹងដំណើរការរឹងមាំនៅសប្ដាហ៍នេះ លើសុទុដ្ឋិនិយមចេះតែកើនឡើង ថាជម្លោះរយៈពេល១០សប្ដាហ៍ ដែលបានរុញឲ្យតម្លៃប្រេងសកលហក់ឡើង នឹងចប់ក្នុងពេលឆាប់ៗ។
ទោះយ៉ាងណាក៏ដោយ អារម្មណ៍រីករាយពោពេញដោយហានិភ័យនោះ ត្រូវបានរំខាន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយដំណឹងថាកងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើគោលដៅយោធាមួយចំនួនរបស់អ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពិឃាតចំនួន៣របស់សហរដ្ឋអាមេរិក ក្នុងច្រកសមុទ្រ ដែលគំរាមកំហែងដល់បទឈប់បាញ់មានអាយុកាលមួយខែ៕