តាកែវ៖ នាព្រឹកថ្ងៃ ទី៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំរៀបចំ“ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦”។
កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង-ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ទាំងផ្នែកសណ្តាប់ធ្នាប់ របៀបរបប ទីតាំងប្រារព្ធពិធី និងការកៀងគររកមូលនិធិពីសប្បុរសជននានា ដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងខេត្តតាកែវ ស្របតាមប្រធានបទ នៃទិវាពិភព លោកឆ្នាំនេះ ៕





