តុលាការពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចប្រឆាំងនឹងការដំឡើងពន្ធសកល១០ភាគរយចុងក្រោយរបស់លោកប្រធានាធិបតី Donald Trump ដោយរកឃើញថា ការដំឡើងពន្ធនេះមិនត្រូវបានចាត់ទុកថាត្រឹមត្រូវក្រោមច្បាប់ពាណិជ្ជកម្មទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។

តុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ដោយគាំទ្រអាជីវកម្មខ្នាតតូចដែលបានប្រឈមទៅនឹងការដំឡើងពន្ធចូលជាធរមានកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ការចេញសេចក្តីសម្រេចនេះមានសំឡេង២ទល់នឹង១ ដោយចៅក្រមម្នាក់បាននិយាយថា វាឆាប់ពេកក្នុងការផ្តល់ជ័យជម្នះទៅឲ្យដើមបណ្តឹងអាជីវកម្មខ្នាតតូច។

អាជីវកម្មខ្នាតតូច បានអះអាងថាការដំឡើងពន្ធថ្មីគឺជាការប៉ុនប៉ងដើម្បីគេចវេះពីការសម្រេចដ៏សំខាន់របស់តុលាការកំពូលសហរដ្ឋអាមេរិកដែលបានលុបចោលការដំឡើងពន្ធឆ្នាំ២០២៥ របស់ប្រធានាធិបតីគណបក្សសាធារណរដ្ឋដែលត្រូវបានដាក់នៅក្រោមច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ។
នៅក្នុងក្រឹត្យកាលពីខែកុម្ភៈ លោក Trump បានយកមកប្រើមាត្រា១២២នៃច្បាប់ពាណិជ្ជកម្ម ឆ្នាំ ១៩៧៤ ដែលអនុញ្ញាតសម្រាប់ពន្ធរហូតដល់១៥០ថ្ងៃសម្រាប់ការកែតម្រូវ«តុល្យភាពនៃឱនភាពចំណាយ» ធ្ងន់ធ្ងរ ឬទប់ស្កាត់ការធ្លាក់ចុះនៃប្រាក់ដុល្លារ។
សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញថា ច្បាប់នេះ ពុំមែនជាជំហានសមស្របសម្រាប់ប្រភេទនៃឱនភាពពាណិជ្ជកម្មដែលលោក Trump បានលើកឡើងនៅក្នុងក្រឹត្យរបស់លោកកាលពីខែកុម្ភៈនោះទេ។