ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា រួមជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ព្រមទាំងតំណាងមកពីស្ថានទូតចិន, ជប៉ុន, ឥណ្ឌូណេស៊ី, វៀតណាម និងឡាវ បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងទទួលស្ដាប់បទបង្ហាញយ៉ាងលម្អិតពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងអង្គភាពស៊ីម៉ាក់ (CMAC)។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅតែបន្តបើកចំហជានិច្ចសម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងមិត្តភាព តាមរយៈយន្តការពហុភាគី និងយន្តការច្បាប់អន្តរជាតិនានារបស់អង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅរកសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
ផ្អែកតាមរបាយការណ៍បច្ចេកទេស និងបទបង្ហាញដែលបានដាក់ជូនគណៈប្រតិភូ ទំហំនៃការខូចខាតដែលបានកើតឡើងលើរចនាសម្ព័ន្ធប្រាសាទមានសភាពគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយមានចំណុចខូចខាតសរុបរហូតដល់ ៥៦២កន្លែង នៅលើប្រាសាទបុរាណទាំងមូល ដែលទាមទារឱ្យមានការអន្តរាគមន៍សង្គ្រោះជាបន្ទាន់។ ឆ្លើយតបនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនេះ ឯកឧត្តមបណ្ឌិតបានសម្តែងនូវមនោសញ្ចេតនាសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានលើកឡើងថា «ប្រាសាទព្រះវិហារមិនរងាទេ ព្រោះវាមិនមែនជារបស់ប្រទេសណាមួយដាច់មុខឡើយ វាគឺជាមរតកមនុស្សជាតិសម្រាប់គ្រប់ជាតិសាសន៍មកទស្សនា និងរួមគ្នាការពារ។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា កម្ពុជា ថៃ ព្រមទាំងសហគមន៍អន្តរជាតិ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជួសជុលប្រាសាទឡើងវិញ និងនាំសន្តិភាព និងវិបុលភាពយូរអង្វែង ពិសេសសម្រាប់បងប្អូនប្រជាជននៅតាមបណ្តោយព្រំដែន។
លើសពីនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាបេតិកភណ្ឌពិភពលោកមិនគួរក្លាយជាឧបករណ៍នៃជម្លោះឡើយ ប៉ុន្តែត្រូវជាស្ពានសម្រាប់តភ្ជាប់ និងស្វែងយល់ពីអរិយធម៌រវាងគ្នាទៅវិញទៅមក។ ក្នុងស្មារតីនេះ ឯកឧត្តមបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចូលរួមបង្កើត «មូលនិធិជួសជុលប្រាសាទ»ដើម្បីស្តារឡើងវិញនូវរចនាសម្ព័ន្ធដែលរងការខូចខាតទាំង ៥៦២កន្លែងនោះ និង «មូលនិធិស្តារសេដ្ឋកិច្ចព្រំដែន» ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
បេសកកម្មដែលមានការចូលរួមពីតំណាងអង្គទូតសំខាន់ៗនាពេលនេះ គឺជាសក្ខីភាពនៃឆន្ទៈរបស់កម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព ដែលការពារដោយការយោគយល់គ្នា និងធានាថាប្រាសាទព្រះវិហារនឹងនៅតែជាទ្រព្យសម្បត្តិដ៏រុងរឿងរបស់មនុស្សជាតិជារៀងរហូត៕









