កោះតៃវ៉ាន់បានក្រាលកម្រាលព្រំក្រហមសម្រាប់ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Santiago Pena នៅថ្ងៃសុក្រនេះ ខណៈដែលកោះប្រជាធិបតេយ្យមួយនេះ បានពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាមេរិកខាងត្បូងតែមួយគត់របស់ខ្លួន ដែលជាការប្រឆាំងសម្ពាធការទូតរបស់ប្រទេសចិន។

ទីក្រុងតៃប៉ិមានសម្ព័ន្ធមិត្តការទូតត្រឹមតែ ១២ ប្រទេសប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំង ដែលអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានបញ្ចុះបញ្ចូលទាញយកសម្ព័ន្ធមិត្តការទូតផ្សេងទៀតជាប្រព័ន្ធ ក្នុងគោលបំណងដើម្បីធ្វើឲ្យកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ នៅឯកោ។
លោក Pena កំពុងដឹកនាំគណៈប្រតិភូមន្ត្រីរដ្ឋាភិបាល និងតំណាងអាជីវកម្មក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ហើយបានពណ៌នាអំពីកោះនេះថា ជា «ដៃគូជាមូលដ្ឋាន» សម្រាប់ប្រទេសអាមេរិកខាងត្បូង។
មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានស្វាគមន៍លោក Pena ជាផ្លូវការនៅថ្ងៃសុក្រនេះ ជាមួយនឹងកងយោធាកិត្តិយស រួមទាំងការវន្ទាអាវុធ និងកម្រាលព្រំក្រហម មុនពេលចាប់ផ្តើមពិភាក្សាអំពីបញ្ហា សំខាន់ៗ៕
