អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ (១៩៩៨-២០០៥) លោក Joschka Fischer ដែលជាឥស្សរជនលេចធ្លោម្នាក់នៃគណបក្សបៃតង (Green Party) បានចេញការព្រមានយ៉ាងមុតមាំមួយថា ប្រសិនបើប្រទេស អាល្លឺម៉ង់មិនផ្លាស់ប្តូរគន្លងនយោបាយបច្ចុប្បន្នរបស់ខ្លួនទេ ប្រទេសនេះនឹងមានហានិភ័យនៃការដួលរលំផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ ZDF លោក Fischer បានព្រមានថា៖«ប្រសិនបើយើងបន្តដើរតាមផ្លូវនេះ ប្រទេសរបស់យើង ប្រឈមនឹងការបំផ្លិចបំផ្លាញ។ វានឹងក្លាយជាគ្រោះមហន្តរាយសេដ្ឋកិច្ច ដែលក៏អាចនាំឲ្យមានការបែកបាក់នៃរដ្ឋដែលមានសុខុមាលភាពនេះផងដែរ»។ ការលើកឡើងរបស់លោក បានគូសបញ្ជាក់ពីភាពបន្ទាន់ដែលលោកមើលឃើញ ក្នុងការដោះស្រាយបញ្ហាប្រឈមកំពុងកើនឡើងនៅប្រទេសអាល្លឺម៉ង់។
លោក Fischer ក៏បានសម្តែងក្តីរំពឹងរបស់លោកចំពោះលោកអធិការបតី Friedrich Merz ផងដែរ។ លោក Fischer បានសង្កត់ធ្ងន់ថា៖«លោកអធិការបតីត្រូវតែដឹកនាំ។ លោកត្រូវតែបញ្ចុះបញ្ចូលអ្នកដទៃ ហើយ នោះតម្រូវឲ្យមានការយល់ដឹងយ៉ាងច្បាស់អំពីអ្វីដែលលោកកំពុងតស៊ូមតិ» ដោយអំពាវនាវឲ្យមានភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់ និងមានព័ត៌មានគ្រប់គ្រាន់។
ថ្ងៃទី ០៦ ខែឧសភា គឺជាខួបមួយឆ្នាំនៃការបង្កើតរដ្ឋាភិបាលអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Chancellor Merz ជាសម្ព័ន្ធភាពមួយដែលរួមមានសហភាពប្រជាធិបតេយ្យគ្រិស្តអភិរក្សនិយម (CDU/CSU) និងគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD)។ ការស្ទង់មតិថ្មីៗនេះ បង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៃការគាំទ្រសម្រាប់គណបក្សទាំងពីរ ដោយគណបក្សជម្រើសសម្រាប់អាល្លឺម៉ង់ (AFD) ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយការស្ទង់មតិមួយចំនួនឥឡូវនេះ បានដាក់វា ជាគណបក្សដែលមានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសនេះ៕
