មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល និងលីបង់ នឹងចាប់ផ្តើមកិច្ចចរចាជុំទីបីដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ក្នុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយដែលបានបន្ថែមពេល។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំងពីរប្រចាំសហរដ្ឋអាមេរិកនឹងជួបគ្នាផ្ទាល់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍ក្រោយ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់យូរអង្វែង និងកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន រវាងភាគីទាំងពីរ។

មន្ត្រីអ៊ីស្រាអែលម្នាក់ បានបញ្ជាក់ថា កិច្ចចរចាជុំទីបីជាមួយលីបង់ នឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្តាហ៍ក្រោយ។
ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំងពីរប្រចាំសហរដ្ឋអាមេរិកបានបើកកិច្ចចរចាពីរជុំរួចមកហើយកាលពីថ្ងៃទី១៤ និងថ្ងៃទី ២៤ ខែមេសា ដែលបានបន្ធូរបន្ថយការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា។
ភាគីចរចាជាមួយអ៊ីស្រាអែលគឺរដ្ឋាភិបាលលីបង់ ពុំមែនក្រុមហេសបូឡា ទេ។ យោងតាមក្រសួងសុខាភិបាលសាធារណៈលីបង់បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលចន្លោះពីថ្ងៃទី ២ ខែមីនា និងថ្ងៃទី ៦ ខែឧសភា បានសម្លាប់មនុស្ស ២.៧១៥ នាក់ និងរបួស ៨.៣៥៣ នាក់ផ្សេងទៀត។
