ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរបាន ឯកភាពគ្នាបន្ដកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសការពង្រឹងសមត្ថភាពមន្ដ្រីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទជាដើម។
ថ្លែងក្នុងឱកាសនោះឯកឧត្តម នេត សាវឿន បានបង្ហាញអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើការជំរុញការអភិវឌ្ឍ និងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងស្ថេរិភាព ក្នុងនោះបច្ចុប្បន្នកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយបានសហការផ្ទាល់ជាមួយប្រទេសសិង្ហបុរី និងបណ្ដាប្រទេសក្នុងតំបន់។ ឯកឧត្តមបន្ដថា បញ្ហា Online Scams នាពេលនេះ កម្ពុជាបានដោះស្រាយបញ្ហាធំៗ ហើយក្រុមឧក្រិដ្ឋជនភាគច្រើនជាជនបរទេស។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ទៀតថា បទល្មើស Online Scams ក៏ជាបញ្ហាសកល និងជាបទល្មើសឆ្លងដែនមួយ ដែលទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយគ្នា។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រទេសសិង្ហបុរី យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្តោតសំខាន់លើការលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងយកចិត្តទុកដាក់លើជនរងគ្រោះដោយសារគ្រឿងញៀន។ បញ្ហាចម្បងមួយទៀត គឺការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាបញ្ហាសកលទាមទារឲ្យមានការឆ្លើយតបជាសកល ដោយមិនមែនសម្រាប់តែប្រទេសណាមួយដែលអាចដោះស្រាយបានតែឯងទេ។
លោកទូតបានបន្ដថាសិង្ហបុរីតែងតែធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដូចជាជាមួយ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ឋ UNODC, Interpol ក៏ដូចជា ជាមួយសម្ព័ន្ធប្រឆាំងការឆបោកសកល ដែលបានពង្រីកកិច្ចសហប្រតិបត្តិការរហូតដល់ប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏មានបំណងក្នុងការពង្រីកនូវសមាជិកភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។
បើតាមលោកឯកអគ្គរដ្ឋទូត, សិង្ហបុរីបានផ្តល់ការបណ្តុះបណ្តាលដល់នគរបាលកម្ពុជា និងបានរៀបចំសិក្ខាសាលាពាក់ព័ន្ធការគ្រប់គ្រងកាស៊ីណូ និងវិធីសាស្ត្រក្នុងស៊ើបអង្កេតបទល្មើស។ សិង្ហបុរីត្រៀមខ្លួនជានិច្ចក្នុងការចែករំលែកព័ត៌មាន ការពង្រឹងសមត្ថភាពមន្ត្រី និងការតាមចាប់ខ្លួនឧក្រិដ្ឋជន ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្តូរទំនាក់ទំនងគ្នាកាន់តែញឹកញាប់ទាំងរវាងថ្នាក់ដឹកនាំ ទាំងក្នុងក្របខ័ណ្ឌការងារអនុវត្តច្បាប់ និងការងារការទូតជាដើម៕ អត្ថបទ៖ បាន ចក់