តំណាងអចិន្ត្រៃយ៍របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា មានតម្រូវការបន្ទាន់មួយក្នុង «ការការពារស្ថិរភាព និងសន្តិសុខ» នៃច្រកសមុទ្រហ័រមូស ខណៈដែលប្រទេសឈូងសមុទ្រ និងសហរដ្ឋអាមេរិក បានដាក់សម្ពាធលើUN កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យអ៊ីរ៉ង់បញ្ចប់ការបិទផ្លូវទឹកដ៏សំខាន់នេះ។
លោក Abdulaziz Alwasil បានធ្វើអត្ថាធិប្បាយរបស់ខ្លួន រួមជាមួយសម្ព័ន្ធមិត្តឈូងសមុទ្រ និងសហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិ ខណៈដែលពួកគេបានជំរុញឲ្យប្រទេសនានាគាំទ្រសេចក្តីសម្រេចមួយដែលទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការដាក់មីននៅច្រកសមុទ្រនេះ។

បេសកជនអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា សេចក្តីព្រាងសេចក្តីសម្រេចនេះអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បី «បន្ធូរបន្ថយភាពតានតឹង ធានាឲ្យមានលំហូរពាណិជ្ជកម្ម និងជំនួយមនុស្សធម៌ដោយសេរី និងសុវត្ថិភាព ស្តារស្ថិរភាពដល់ទីផ្សារពិភពលោក និងការពារប្រជាជនដែលរងផលប៉ះពាល់»។
លោក Alwasil បាននិយាយថា៖«ច្រកសមុទ្រហ័រមូស នៅតែជាសរសៃឈាមដ៏សំខាន់នៃពាណិជ្ជកម្មពិភពលោក ហើយការរំខានណាមួយចំពោះសន្តិសុខរបស់ច្រកនេះ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលអន្តរជាតិព្រួយបារម្ភ»៕
