សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) បានជំរុញឲ្យប្រទេសនានាគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ (UN) ដែលទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការដាក់មីន នៅច្រកសមុទ្រ Hormuz ប៉ុន្តែអ្នកការទូត បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ីទំនងជាវេតូសំណើនោះ។
ការវេតូរបស់ចិន នឹងជាការមាននូវស្ថានភាពមិនប្រសើរ មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ ជាពេលដែលសង្គ្រាមអ៊ីរ៉ង់ ទំនងជាស្ថិតក្នុងរបៀបវារៈសំខាន់។

សេចក្តីសម្រេចពីមុនគាំទ្រដោយសហរដ្ឋអាមេរិក ដែលហាក់ដូចជាបើកផ្លូវផ្ដល់ភាពស្របច្បាប់ ចំពោះវិធានការយោធារបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ បានបរាជ័យក្នុងខែមេសា បន្ទាប់ពីរុស្ស៊ី និងចិន បានប្រើសិទ្ធិវេតូរបស់ពួកគេ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលមានសមាជិក ១៥ប្រទេស។
ដោយឈរក្បែរប្រេសិតនៃប្រទេសឈូងសមុទ្រដែលគាំទ្រសេចក្តីព្រាងថ្មីនេះ បេសកជនរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំ UN លោក Mike Waltz បានប្រាប់អ្នកសារព័ត៌មានថា៖ ប្រទេសណាមួយដែល «ព្យាយាមបដិសេធវា កំពុងកំណត់គំរូដ៏គ្រោះថ្នាក់ខ្លាំងណាស់។ យើងត្រូវសួរខ្លួនឯងថា ប្រសិនបើប្រទេសមួយជ្រើសរើសប្រឆាំងនឹងសំណើសាមញ្ញបែបនេះ តើពួកគេពិតជាចង់បានសន្តិភាពមែនឬ?
ការស្នើថ្មីនេះត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក និងបារ៉ែន ដោយមានការគាំទ្រពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងកាតា។ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំ UN បានចាត់ទុកសេចក្តីសម្រេចនេះថា «មានចំណុចខ្វះខាតខ្លាំង មានភាពលម្អៀង និងមានហេតុផលនយោបាយ»។
អ្នកការទូតបានលើកឡើងថា សេចក្តីសម្រេចនេះបានប្រឈមនឹងការជំទាស់យ៉ាងខ្លាំង ពីចិន និងរុស្ស៊ី នៅពេលដែលក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាអំពីវា អំឡុងកិច្ចប្រជុំបិទទ្វារ នាសប្តាហ៍នេះ ហើយទំនងជានឹងជំរុញឲ្យប្រទេសទាំង២ វេតូចំពោះកិច្ចខិតខំប្រឹងប្រែងនេះ៕

