អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) ថា ក្រឹត្យបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងខែមករា ដើម្បីដាក់ចេញវិធានការបិទផ្លូវប្រេងឥន្ធនៈទៅកាន់គុយបា គឺស្មើនឹង «ការបង្អត់ថាមពល» ដែលផ្ដល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ និងសិទ្ធិមនុស្សរបស់ប្រទេសកោះតំបន់ការ៉ាអ៊ីពមួយនេះ។
ទីក្រុងវ៉ាស៊ីនតោន ដែលបានដាក់ទណ្ឌកម្មលើកោះដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តនេះ ចាប់តាំងពីឆ្នាំ១៩៦០ បានពង្រឹងវិធានការនេះ នៅឆ្នាំ២០២៦ ដោយគំរាមដំឡើងពន្ធលើប្រទេសដែលផ្គត់ផ្គង់ប្រេងដល់ប្រទេសនេះ និងបានបង្ហាញម្តងហើយម្តងទៀតថា ខ្លួនអាចចាត់វិធានការយោធា ប្រឆាំងនឹងគុយបា។
ការដាក់ផ្លូវដឹកជញ្ជូនប្រេងឲ្យស្ថិតនៅក្នុងការហ៊ុមព័ទ្ធនេះ បានបង្ខំឲ្យរដ្ឋាភិបាលបន្តរឹតត្បិតការប្រើប្រាស់ ចំពោះសេវាកម្មសំខាន់ៗ ខណៈដែលអាជីវកម្ម និងលំនៅឋានមួយចំនួន បានងាកទៅរកជម្រើសផ្សេង ដូចជាថាមពលព្រះអាទិត្យជាដើម។

អ្នកជំនាញឯករាជ្យមួយក្រុម ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិធានការនេះបានធ្វើឲ្យមានកង្វះខាតប្រេងឥន្ធនៈកាន់តែអាក្រក់ទៅៗនៅទូទាំងកោះនេះ ដែលជំរុញឲ្យសេវាកម្មសំខាន់ៗស្ថិតក្នុងហានិភ័យ»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «បើទោះបីជាបទបញ្ជានេះសំដៅទៅលើកង្វល់សិទ្ធិមនុស្ស នៅក្នុងប្រទេសគុយបាក៏ដោយ ក៏វាមិនបានពិចារណាដល់របៀបដែលវិធានការនេះផ្ទាល់ ពោលគឺវិធានការបង្ខិតបង្ខំជាឯកតោភាគី ប៉ះពាល់ដល់ការទទួលបានសិទ្ធិមនុស្សរបស់ប្រជាជនគុយបាដោយផ្ទាល់ឡើយ»៕

