ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានបដិសេធមិនអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាសរបស់ខ្លួន សម្រាប់ប្រតិបត្តិការវាយលុករបស់យោធានោះទេ ស្របពេលមានភាពតានតឹង ក្នុងតំបន់ ទាក់ទងនឹងសង្គ្រាមដែលមានពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។
ប្រភពមួយពីអារ៉ាប៊ីសាអ៊ូឌីត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya ថា ទីក្រុងរីយ៉ាដ កំពុងប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង និងគាំទ្រកិច្ចប្រឹងប្រែងជួយសម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងឲ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់។
ប្រភពនោះបានឲ្យដឹងថា៖ «ព្រះរាជាណាចក្រមួយនេះមិនបានអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីគាំទ្រប្រតិបត្តិការវាយលិករបស់យោធាឡើយ។ មានភាគីមួយចំនួន កំពុងព្យាយាមផ្តល់រូបភាពបំភ័ន្ត អំពីជំហររបស់អារ៉ាប៊ីសាអ៊ូឌីត ដោយហេតុផលគួរឲ្យសង្ស័យ»។

ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីសារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អារ៉ាប៊ីសាអ៊ូឌីត និងគូវ៉ែត បានលុបចោលការរឹតបន្តឹង លើការប្រើប្រាស់របស់យោធាអាមេរិក ចំពោះមូលដ្ឋានទ័ព និងដែនអាកាសរបស់ពួកគេ ដែលត្រូវបានដាក់ចេញ បន្ទាប់ពីការចាប់ផ្តើមនូវប្រតិបត្តិការរបស់អាមេរិកដែលមានគោលបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ។
ដោយសំអាងដល់សម្តីមន្ត្រីអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត របាយការណ៍នោះបានឲ្យដឹងថា រដ្ឋបាលលោក Trump កំពុងរៀបចំចាប់ផ្តើមប្រតិបត្តិការអមដំណើរដោយកងទ័ពជើងទឹកឡើងវិញ សម្រាប់នាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយមានការជួយគាំទ្រពីកងទ័ពផ្លូវទឹក និងអាកាសរបស់សហរដ្ឋអាមេរិក បន្ទាប់ពីបេសកកម្មនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅដើមសប្តាហ៍នេះ៕

