អ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេង Ocean Koi នៅឈូងសមុទ្រអូម៉ង់ ដោយចោទប្រកាន់ថា បានប៉ុនប៉ងរំខានដល់ការនាំចេញប្រេងរបស់អ៊ីរ៉ង់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដែលបានរាយការណ៍នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ ដោយសំអាងដល់សេចក្តីថ្លែងការណ៍របស់កងទ័ព។
សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងថា នាវាដឹកប្រេងដែលមានទង់ជាតិបាបាដូស កំពុងដឹកប្រេងអ៊ីរ៉ង់ ហើយ «កំពុងព្យាយាមបង្កបញ្ហា និងរំខានដល់ការនាំចេញប្រេង ដោយឆ្លៀតកេងចំណេញពីស្ថានភាពបច្ចុប្បន្នក្នុងតំបន់»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា នាវាដឹកប្រេងនេះ ដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីខែកុម្ភៈ ត្រូវបានអមដំណើរទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ហើយប្រគល់ទៅឲ្យអាជ្ញាធរតុលាការ។
ការរឹបអូសនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិក និងអ៊ីរ៉ង់ បានប៉ះទង្គិចគ្នានៅច្រកសមុទ្រ Hormuz ដែលភ្ជាប់ឈូងសមុទ្រ ទៅនឹងឈូងសមុទ្រអូម៉ង់។
អ៊ីរ៉ង់ភាគច្រើន បានបិទផ្លូវទឹកដ៏តូចចង្អៀត ដែលជាផ្លូវនៃលំហូរប្រេងប្រហែល ១ភាគ៥ របស់ពិភពលោក មុនសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕