កម្រិតទឹកឡើង បានចាប់ផ្តើមបំពេញវាលភក់ប្រវត្តិសាស្រ្តរបស់អ៊ីរ៉ាក់ ធ្វើឲ្យហ្វូងសត្វក្របី និងក្រុមអ្នកនេសា ទវិលត្រឡប់ទៅកាន់តំបន់ដែលធ្លាប់ត្រូវបានគេបោះបង់ចោល ។
គ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យតំបន់ជាច្រើននៅវាលទំនាបភាគខាងត្បូងអ៊ីរ៉ាក់ បែកប្រេះក្រហែង និងគ្មានទឹកដក់ ។
ការផ្លាស់ប្តូរស្ថានភាព បានកើតមាន ពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងអំឡុងរដូវរងា ដើម្បីបំពេញទឹកក្នុងអាងស្តុកទឹក ជំរុញឲ្យរដ្ឋាភិបាលបញ្ចេញទឹកដ៏ច្រើនទៅក្នុងវាលភក់ ។
ពេលដែលអ្នកស្រុកវិលត្រឡប់មកវិញ ពួកគេសង្ឃឹមថា នឹងមានការបញ្ចេញទឹកបន្ថែមទៀត ។ លោក Raheem Abdul Zahra គឺជាអ្នកគង្វាលសត្វក្របីមួយរូបនិយាយថា ការចិញ្ចឹមសត្វ ធ្វើឡើងនៅតាមវាលភក់ទាំងនេះ ហើយបន្លែក៏កំពុងលូតលាស់ល្អដែរ ខណៈការនេសាទវិលត្រឡប់មកវិញដូចគ្នា ។
លោកថា កាលពីមុនដីនៅទីនេះស្ងួតហួតហែង ប៉ុន្តែឥឡូវមានទឹកច្រើន អ្វីៗចាប់ផ្តើមល្អប្រសើរ លើកលែងតែពេលដែលគ្មានទឹកប៉ុណ្ណោះ ។
លោក Jassim al-Assadi គឺជាអ្នកជំនាញវាលភក់អ៊ីរ៉ាក់ និយាយថា ផ្នែកមួយចំនួននៃវាលភក់អ៊ីរ៉ាក់ បានស្ងួតហួតហែងទាំងស្រុង ចន្លោះឆ្នាំ ២០២១ និងឆ្នាំ ២០២៥ បង្ខំឲ្យអ្នកស្រុកបោះបង់ចោលទីនោះ ៕