ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា ស្តារ ថែទំា និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គឺជាការវិនិយោគដ៏ចាំបាច់ ដើម្បីសម្រួល ដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ២ខ្សែ ក្រាលខ្សាច់ស ប្រវែងសរុបជិត ១០ គីឡូម៉ែត្រ ទទឹងខ្នងលើ ៤,៥ ម៉ែត្រ និង ៥ ម៉ែត្រ ស្ថិតក្នុងឃុំទួលព្រេជ និងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ លើការងារស្ថាបនា ស្តារ និងការថែទាំ ព្រោះការតភ្ជាប់ បណ្តាញផ្លូវនៅតាមជនបទពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចបម្រើដល់ ការដឹកជញ្ជូនដូចជា ការដឹកទំនិញ ឬកសិផលទៅកាន់ទីផ្សារ, ទៅកាន់រោងចក្រ, ឧស្សាហកម្ម និងសហគ្រាសនានា ក៏ដូចជាការប្រកប មុខរបរផ្សេងៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ជុំវិញផ្លូវខាងលើនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងលើ ការងារថែទាំរហូតដល់បញ្ចប់សុពលភាពផ្លូវ ដោយរក្សានូវគុណភាពល្អប្រសើរ។ ឯកឧត្តមបន្ថែមថា ជុំវិញការអភិវឌ្ឍផ្លូវនៅតាមជនបទ នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់បំផុត ជាពិសេសរដ្ឋមន្ត្រី តែងតែចំណាយពេល វេលាដ៏មានតម្លៃ មិនគិតនឿយហត់ ដោយបានអញ្ជើញចុះពិនិត្យជាប្រចាំ ទាំងការងារស្ថាបនា ការស្តារ ការថែទាំ និងគម្រោងដែលត្រូវ អភិវឌ្ឍន៍ថ្មីៗជាដើម ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ក្នុងគោលដៅកែប្រែលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទលើផ្នែកសេដ្ឋកិច្ច និងសង្គម៕
អត្ថបទ៖ សុន រ៉ាឌី












