យោធាអ៊ីស្រាអែល បានឲ្យដឹងថា សំឡេងស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមអាកាស បានបន្លឺឡើង ក្នុងទីក្រុងជាច្រើន នៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល នាថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីមានការបាញ់ផ្លោងពីលីបង់ ក្នុងអំឡុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា នៅលីបង់។
សេចក្តីថ្លែងការណ៍យោធាអ៊ីស្រាអែលមួយ បានឲ្យដឹងថា បន្ទាប់ពីសំឡេងស៊ីរ៉ែន ត្រូវបានបន្លឺឡើងយ៉ាងសកម្ម «ការបាញ់បង្ហោះមួយចំនួន ត្រូវបានឃើញឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល»។
ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា៖ «កងទ័ពអាកាសអ៊ីស្រាអែលបានស្ទាក់ចាប់ការបាញ់បង្ហោះមួយ ហើយការបាញ់បង្ហោះបន្ថែម បានធ្លាក់នៅតំបន់ទីវាល។ មិនមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ»។
ទន្ទឹមនឹងនេះដែរ ក្រុមហេសបូឡា បានប្រាប់ឲ្យដឹងថា ខ្លួនបានធ្វើប្រតិបត្តិការចំនួន ១១លើក ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ «ដើម្បីការពារលីបង់ និងប្រជាជនរបស់ប្រទេសនេះ» និងជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភលើបទឈប់បាញ់ និងការវាយប្រហារលើជនស៊ីវិល៕