ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskiy និយាយនៅថ្ងៃសុក្រនេះថា លោកបានធ្វើដំណើរទៅកាន់តំបន់ជួរមុខ ស្ថិតនៅភាគអាគ្នេយអ៊ុយក្រែន ជាទីដែលទាហានក្រុងគីវ អាចដណ្តើមការគ្រប់គ្រងមកវិញដែនដីតិចតួច ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
ការិយាល័យព័ត៌មានប្រធានាធិបតិអ៊ុយក្រែន បានចុះផ្សាយរូបភាពវីដេអូឃ្លីបឃើញលោក Zelenskiy បំពាក់គ្រឿងឥស្សរិយយសដល់ទាហានក្នុងកងពលតូចមេកានិកលេខ ៣១ ។
លោកបានថ្លែងអំណរគុណដល់ពួកគេ នៅខួបបញ្ចប់សង្រ្គាមលោកលើកទី ២ ដែលអឺរ៉ុប បានយកឈ្នះក្រុមណាស៊ីអាល្លឺម៉ង់ ។
លោកបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា បើទោះបីជាបទឈប់បាញ់ប្រកាសយ៉ាងណាក្តី សត្រូវមិនបង្អង់ដៃកាត់បន្ថយការវាយប្រហាររបស់ពួកគេនោះឡើយ ។
លោក Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសរបស់រុស្ស៊ីអំពីបទឈប់បាញ់មានពេលកំណត់សម្រាប់តែពិធីរំឭកសង្គ្រាមលោកលើកទី២ បានបង្ហាញមូលហេតុចម្លែក និងមិនសមស្របរបស់មេដឹកនាំប្រទេសនេះ ។
ការលើកឡើងរបស់លោក Zelenskyy ទំនងជាត្រៀមខ្លួន មុនពេលក្រសួងការពារជាតិរុស្ស៊ី បានប្រកាសបទឈប់បាញ់ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី ១០ខែឧសភា ដើម្បីប្រារព្ធខួបនៃការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ ៕