ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ ជំរុញការ តភ្ជាប់ឱ្យមានភាពប្រទាក់ក្រឡា លើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងការងារជួសជុលស្ដារ ឡើងវិញផ្លូវចំនួន២គម្រោង ស្ថិតនៅស្រុកបវេល និងស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញការ អភិវឌ្ឍនៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវា សង្គមនានា ជាពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការបន្តលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាល ក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ចំណែកការអភិវឌ្ឍផ្លូវនៅជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការផ្ទាល់ បាននិងកំពុងយកចិត្តទុកដាក់នៅលើការងារផ្លូវជនបទ ធ្វើយ៉ាងណាជំរុញ អភិវឌ្ឍន៍ផ្លូវឱ្យមានប្រទាក់ក្រឡា ព្រោះផ្លូវមានសារៈសំខាន់ណាស់ ផ្លូវគឺជាសរសៃរឈាមនៃសេដ្ឋកិច្ច ជាក់ស្តែង ផ្លូវទាំងពីរគម្រោង ខាងលើនេះ បាននិងកំពុងរួមចំណែកលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ តាមរយៈផ្លូវនេះដែរ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា និងថែទាំរហូតបញ្ចប់នូវសុពលភាព ដោយរក្សាបាននូវគុណភាពផ្លូវបានល្អប្រសើរជូនប្រជាពលរដ្ឋមូលដ្ឋាន។
សូមបញ្ជាក់ថា គម្រោងទី១៖ គឺការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២ ៧៥០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ រួមជាមួយការអភិវឌ្ឍសំណង់ផ្សេងៗ ស្ថិតនៅភូមិអូរឫស្សី ភូមិយុត្តិធម៌ និងភូមិដំណាក់តាស៊ុត ឃុំបឹងប្រាំ ស្រុកបវេល
ខេត្តបាត់ដំបង និងគម្រោងទី២៖ ការងារជួសជុលស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំចំនួន១ខ្សែ ប្រវែង ៤ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ រួមជាមួយសំណង់សិល្បការ្យដូចគ្នា ស្ថិតនៅភូមិសំឡូតឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង គម្រោងទាំងពីរអនុវត្តដោយនាយក ដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ៕
អត្ថបទ៖ សុន រ៉ាឌ














