ស្ទឹងត្រែង៖ នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង អាជ្ញាធរ បានរៀបចំសង្ក្រាន្តថ្នាំថ្មី ដើម្បីផ្ដល់ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ក្រោយខកខានសប្បាយពីរឆ្នាំហើយ ដោយសារបញ្ហាកូវីដ-១៩។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឱ្យដឹងថា អាជ្ញាធរស្រុក បានកៀរគសប្បុរស ជនក្នុងស្រុក រៀបចំពិធីសង្ក្រាន្ត នៅក្នុងបរិវេណវត្តកំភុន ក្នុងឃុំកំភន់ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរ បានចូលមកលេងកម្សាន្ដអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។
លោក បានបញ្ជាក់ថា ការរៀបចំសង្ក្រាន្តអបអរពីធីបុណ្យចូលឆ្នាំថ្មីនេះ ជាលើកទី២ហើយ ដែល លើកទី១ នៅក្នុងឆ្នាំ២០១៩ ព្រោះអាក់ខានមិនបានរៀបចំ ឆ្នាំ២០២០ និង២០២១ កន្លងមកនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។
តែនៅឆ្នាំនេះ ដោយសារយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ទើបធ្វើឱ្យប្រជាពលរដ្ឋ មានឱកាសបានជួបជុំសប្បាយរីករាយឡើងវិញ ខណៈខេត្តស្ទឹងត្រែង ក៏ត្រូវបាន លើកលែងកាតព្វកិច្ចពាក់ម៉ាស់ផងដែរ។
បើទោះជាមិនទាន់ដល់ថ្ងៃចូលឆ្នាំ តែគេសង្កេតឃើញថា ស្រុកសេសាន ខេត្តស្ទឹងត្រែង បានទទួល ទេសចរបណ្ដើរៗហើយ ដោយសាររាជរដ្ឋាភិបាល បានបើកប្រទេស និងបើកដំណើរការតំបន់ទេសចរណ៍ នានាឡើងវិញ៕អត្ថបទ៖ មាស ផល្លា