កងកម្លាំងសន្តិសុខប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងសន្តិសុខ បានសម្លាប់សកម្មប្រយុទ្ធ ៥នាក់ នៅក្នុងប្រតិបត្តិការស៊ើបការណ៍សម្ងាត់ពីរដាច់ដោយឡែកពីគ្នា នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យរបស់ប្រទេសនេះ។

នាយកដ្ឋានទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម( ISPR)របស់កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសកម្មប្រយុទ្ធចំនួន ៤ នាក់ នៃក្រុមតាលីបង់ប៉ាគីស្ថាន( Tehreek-i-Taliban Pakistan) ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការមួយ នៅក្នុងស្រុក Tank បន្ទាប់ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងសន្តិសុខ និងសកម្មប្រយុទ្ធ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅក្នុងប្រតិបត្តិការមួយផ្សេងទៀតដែលបានធ្វើឡើង នៅក្នុងស្រុក Dera Ismail Khan កងកម្លាំងសន្តិសុខ បានសម្លាប់សកម្មប្រយុទ្ធម្នាក់ អំឡុងពេលប្រយុទ្ធគ្នាដោយកាំភ្លើង។
អាវុធ និងគ្រាប់រំសេវក៏ត្រូវបានរកឃើញពីជនសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ផងដែរ ដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើន នៅក្នុងតំបន់នេះ។ នេះបើយោងតាម ISPR៕