អ្នកនាំពាក្យ UN បាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ជំរុញឲ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការវាយប្រហារគ្នានៅច្រកសមុទ្រហ័រមូស។

លោក Farhan Haq អ្នកនាំពាក្យរងរបស់លោកអគ្គលេខាធិការ UN បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា លោកអគ្គលេខាធិការមានការព្រួយបារម្ភចំពោះការបាញ់ប្រហារគ្នាថ្មីៗនេះ នៅច្រកសមុទ្រហ័រមូស។
លោកបាននិយាយថា លោកអគ្គលេខាធិការអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពតាមបទឈប់បាញ់យ៉ាងពេញលេញ និងជៀសវាងសកម្មភាពណាមួយ ដែលអាចនាំឲ្យមានការកើនឡើងភាពតានតឹងជាថ្មី ឬធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត។

កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់ប្រហារគ្នាកាលពីថ្ងៃព្រហស្បតិ៍។ យោធាសហរដ្ឋអាមេរិកបាននិយាយថា នេះ គឺជាសកម្មភាព «ការពារខ្លួន» ខណៈពេលដែលទីក្រុងតេអេរ៉ង់ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើបទឈប់បាញ់ដែលបានចូលជាធរមាន នៅថ្ងៃទី ០៨ ខែមេសា៕