ក្រសួងការបរទេសរុស្ស៊ី បាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) និងសមភាគីអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan Al-Saud បានអំពាវនាវឲ្យទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត នៅជុំវិញច្រកសមុទ្រហ័រមូស និងស្តាររបបនាវាចរណ៍ដូចដែលច្រកនេះ ធ្លាប់មាន នៅមុនចុងខែកុម្ភៈ។

ក្រសួងបានឲ្យដឹងទៀតថា៖«ភាគីទាំងពីរបានផ្តោតលើស្ថានភាពនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស។ ភាគីទាំងពីរបានបង្ហាញពីជំហរគាំទ្រការទប់ស្កាត់ការវិលត្រឡប់ទៅរកការកើនឡើងភាពតានតឹងឡើងវិញ និងតម្រូវការក្នុងការបន្តទំនាក់ទំនងការទូតជាបន្តបន្ទាប់ ដើម្បីឈានដល់កិច្ចព្រមព្រៀងរយៈពេលវែងប្រកបដោយចីរភាពលើគ្រប់ទិដ្ឋភាពទាំងអស់នៃការដោះស្រាយវិបត្តិ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ «ការផ្តោតជាពិសេស ត្រូវបានធ្វើឡើងលើតម្រូវការសម្រាប់ការស្តារឡើងវិញនូវរបបនាវាចរណ៍ដោយសេរីដូច ដែលវាធ្លាប់មាន នៅមុនចុងខែកុម្ភៈ»។
ក្រសួងបានបញ្ជាក់ថា៖«រដ្ឋមន្ត្រីបានកត់សម្គាល់ពីភាពចាប់រហ័សនៃការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការធ្វើឲ្យទំនាក់ទំនងរយៈពេលវែងរវាងអ៊ីរ៉ង់ និងបណ្តារដ្ឋអារ៉ាប់មានប្រក្រតីភាពឡើងវិញ»។ «ភាគីរុស្ស៊ីបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួន ក្នុងការលើកកម្ពស់វឌ្ឍនភាពលើផ្លូវទាំងនេះ ដោយគិតគូរពីផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់»៕
