នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទែសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម កសាងដោយ ឯកឧត្តម អ៊ាង សុផ្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។

ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ការសាងសង់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺជាកន្លែងប្រមូលផ្តុំរបស់មន្រ្តី ដើម្បីអនុវត្ត និងផ្តល់សេវាលើតម្រូវការ ព្រមទាំងបញ្ហាប្រឈមនានា។
ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា បន្ទាប់ពីទីស្នាក់សមាគមបានដាក់ឲ្យដំណើរការ ខ្ញុំ ស្នើដល់សមាជិក-សមាជិការទាំងអស់នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សមាជិកនីមួយៗ ដើម្បីលើកជាសំណើ និងរបាយការណ៍ជូនថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាលសមាគមពិនិត្យ និងសម្រេច។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕



