ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Ali Abdollahi មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធា បានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ដោយបង្ហាញរបាយការណ៍អំពីការត្រៀមលក្ខណៈរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសដល់មេដឹកនាំ។

ក្នុងអំឡុងពេលកិច្ចប្រជុំ លោក Abdollahi បាននិយាយថា ពួកគេបានត្រៀមខ្លួនយ៉ាងល្អដើម្បីទប់ទល់ទៅនឹង «សកម្មភាពអរិភាព» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃកិច្ចប្រជុំនោះទេ។ លោក Abdollahi បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អនុវត្តការឈ្លានពានណាមួយប្រឆាំងអ៊ីរ៉ង់ នោះកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងឆ្លើយតបទៅពួកគេ «ភ្លាមៗ និងយ៉ាងខ្លាំងក្លា»។

លោក Khamenei បានសរសើរកងកម្លាំងប្រដាប់អាវុធដ៏ «ក្លាហាន និងមានឥទ្ធិពល» របស់ប្រទេស និងបានបញ្ជាក់ពីវិធានការថ្មីៗដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងសត្រូវ។ សភាអ្នកជំនាញរបស់អ៊ីរ៉ង់ កាលពីដើមខែមីនា បានប្រកាសតែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីរបស់ប្រទេស។ ការតែងតាំងលោក បានធ្វើឡើងបន្ទាប់ពីលោក Ali Khamenei ដែលជាឪពុករបស់លោក និងជាអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវបានធ្វើឃាតក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា «ប្រជាជាតិអ៊ីរ៉ង់ នឹងមិនឱនក្បាលចំពោះសត្រូវឡើយ ហើយប្រសិនបើមានការពិភាក្សា ឬការចរចា វាពុំមានន័យថា ចុះចាញ់ ឬដកថយនោះទេ» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតី។