នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃអាទិត្យថា លីបង់បើកចំហចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល នៅពេលដែលការទាមទាររបស់ខ្លួន ត្រូវបានបំពេញ ដោយសង្កត់ធ្ងន់ថា ទីក្រុងបេរូតបច្ចុប្បន្នផ្តោតលើ «ការបញ្ឈប់អរិភាព និងបញ្ចប់សង្គ្រាម»។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al-Arabiya លោក Salam បាននិយាយថា ការចរចាដែលកំពុងដំណើរការជាមួយអ៊ីស្រាអែល រួមមានការទាមទាររបស់លីបង់ឲ្យមាន«របៀបវារៈច្បាស់លាស់សម្រាប់ការដកទ័ពរបស់អ៊ីស្រាអែលចេញពីប្រទេសនេះ»។ លោកបានបន្ថែមថា លីបង់ «មិនបានជ្រើសរើសសង្គ្រាមទេ ប៉ុន្តែត្រូវបានអូសចូលទៅក្នុងការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក»។

លោកបានលើកឡើងថា៖«ប្រជាជនលីបង់ភាគច្រើនគាំទ្រការចរចា ដើម្បីបញ្ឈប់សង្គ្រាម»។
លោក Salam បានបន្ថែមថា ទីក្រុង Bint Jbeil ភាគខាងត្បូងលីបង់ មានស្ថានភាពដូចគ្នានឹងតំបន់ហ្កាហ្សា» ដោយសារតែការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដោយកត់សម្គាល់ថា ភូមិលីបង់ចំនួន ៨៦ ស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល ស្របពេលភាពតានតឹង នៅតែបន្តកើនឡើង នៅភាគខាងត្បូងប្រទេសនេះ។
ការអត្ថាធិប្បាយរបស់លោក ត្រូវបានធ្វើឡើង ទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមាន កាលពីខែមុន បន្ទាប់ពីការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនជាច្រើនសប្តាហ៍ ដែលជាប់ទាក់ទងនឹងភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើអ៊ីរ៉ង់ក៏ដោយ៕