លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យ (ទី១០ ខែឧសភា ឆ្នាំ២០២៦) បានអំពាវនាវដល់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកឲ្យមាននូវ «ភាពស្មោះត្រង់» ចំពោះក្រឹត្យរបស់លោក ដែលហាមឃាត់ការមានសិទ្ធិពលរដ្ឋពីកំណើត ខណៈពេលដែលរិះគន់សេចក្តីសម្រេចថ្មីៗរបស់តុលាការ ប្រឆាំងនឹងការដំឡើងពន្ធរបស់លោក។
ការបង្ហោះរបស់លោក Trump នៅលើបណ្ដាញ Truth Social បានរិះគន់ចៅក្រមតុលាការកំពូល ២រូបថា មាននូវ «ចំណាត់ការបំផ្លិចបំផ្លាញ» ពាក់ព័ន្ធការប្រឆាំងនឹងគោលនយោបាយពន្ធរបស់លោក ដោយលោកបានបន្ថែមថា វានឹងល្អប្រសើរវិញ ប្រសិនបើពួកគេ មាននូវភាព «ស្មោះត្រង់» ចំពោះលោក នាពេលអនាគត។ អ្នទាំង២ គឺលោក Neil Gorsuch និងលោកស្រី Amy Coney Barrett ត្រូវបានតែងតាំងក្នុងអាណត្តិដំបូងរបស់មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋ។

លោក Trump បានសង្កត់ធ្ងន់ថា៖ «ពួកគេត្រូវធ្វើរឿងត្រឹមត្រូវ ប៉ុន្តែវាពិតជាអាចទទួលយកបាន ដែលពួកគេត្រូវមានភាពស្មោះត្រង់ ចំពោះអ្នកដែលតែងតាំងពួកគេ»។
គួរបញ្ជាក់ថា តុលាការកំពូល ដែលជាតុលាការជាន់ខ្ពស់បំផុត នៅសហរដ្ឋអាមេរិក គឺជាផ្នែកនៃរដ្ឋាភិបាល ដែលមានសិទ្ធិអំណាចស្មើភាព និងឯករាជ្យ ដោយគោលបំណងរបស់ស្ថាប័ននេះ គឺត្រួតពិនិត្យ និងធ្វើឲ្យមានតុល្យភាពអំណាចប្រតិបត្តិ និងសភា នៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។
វាគឺជាករណីកម្រមានណាស់ ដែលសេតវិមានដាក់សម្ពាធបើកចំហ លើគណៈកម្មាធិការមានចៅក្រម ៩រូប ដែលត្រូវបានតែងតាំងកាន់អាណត្តិពេញមួយជីវិត ដោយប្រធានាធិបតី និងត្រូវបានបញ្ជាក់អះអាងដោយសភា៕
