ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលកំពុងនៅទីក្រុងណៃរ៉ូប៊ីសម្រាប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចរយៈពេលពីរថ្ងៃ បានការពារការចូលរួមរបស់អឺរ៉ុប នៅអាហ្វ្រិក ដោយផ្ទុយពីទំនាក់ទំនងជាមួយយុទ្ធសាស្ត្ររបស់ចិន នៅទូទាំងទ្វីបនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Jeune Afrique និង The Africa Report មេដឹកនាំបារាំងរូបនេះ បាននិយាយថា លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះអាណានិគមនិយម នៅពេលដែលលោកឡើងកាន់អំណាច នៅឆ្នាំ ២០១៧។
ប៉ុន្តែលោកបាននិយាយថា សម័យអាណានិគមមិនត្រឹមតែជាបញ្ហាដែលនៅតែប៉ះពាល់ដល់ទ្វីបអាហ្វ្រិកនោះទេ។ លោកបានបន្ថែមថា៖«យើងមិនត្រូវលើកលែងពីការទទួលខុសត្រូវទាំងអស់ ក្នុងរយៈពេល៧ ទសវត្សរ៍ បន្ទាប់ពីឯករាជ្យនោះទេ» ដោយអំពាវនាវឲ្យមេដឹកនាំអាហ្វ្រិកកែលម្អអភិបាលកិច្ច។
អតីតមហាអំណាចអាណានិគមអឺរ៉ុបដូចជាបារាំង និងចក្រភពអង់គ្លេស នៅតែជាគោលដៅនៃការរិះគន់នៅអាហ្វ្រិក ប៉ុន្តែលោក ម៉ាក្រុង បានអះអាងថា ពួកគេមិនមែនជា «រដ្ឋកេងប្រវ័ញ្ជនៃសតវត្សរ៍នេះ» ទេ៕
