តម្លៃប្រេងបានកើនឡើងបន្ថែមទៀតនៅថ្ងៃចន្ទ១១ឧសភានេះ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិកគឺ "មិនអាចទទួលយកបាន" ដែលបង្កើនក្ដីបារម្ភចំពោះការផ្គត់ផ្គង់ ខណៈច្រកសមុទ្រ Hormuz នៅតែបិទ ដែលបណ្ដាលឲ្យទីផ្សារថាមពលសកលបន្តច្របូកច្របល់។
តម្លៃប្រេងឆៅ Brent បានកើនឡើង ៤,០៤ ដុល្លារ ឬ ៣,៩៩% ដល់ ១០៥,៣៣ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០៦:១៤នាទី ម៉ោងសកល ។ ប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ៩៩,៨៥ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៤,៤៣ ដុល្លារ ឬ ៤,៦៤%។

កាលពីសប្តាហ៍មុន តម្លៃទីផ្សារប្រេងទាំងពីរបានកត់ត្រាការខាតបង់ប្រចាំសប្តាហ៍៦% ដោយសារក្តីសង្ឃឹមសម្រាប់ការបញ្ចប់ជម្លោះរយៈពេល១០សប្តាហ៍ ដែលនឹងអនុញ្ញាតឱ្យនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។
លោកស្រី Priyanka Sachdeva អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន Phillip Nova ប្រទេសសិង្ហបុរី បាននិយាយថា ទីផ្សារប្រេងនៅតែបន្តធ្វើពាណិជ្ជកម្មដូចជាម៉ាស៊ីនភូមិសាស្ត្រនយោបាយ ដោយតម្លៃប្រែប្រួលយ៉ាងខ្លាំងដោយផ្អែកលើមតិយោបល់ ការបដិសេធ ឬការព្រមានទាំងអស់ដែលមកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។
យោងតាមក្រុមមន្ត្រីអាមេរិក លោក Trump គ្រោងនឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្ដាហ៍នេះ ហើយត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីប្រទេសអ៊ីរ៉ង់ក្នុងចំណោមប្រធានបទផ្សេងទៀតជាមួយប្រធានាធិបតីចិន លោក Xi Jinping។
លោក Tony Sycamore អ្នកវិភាគទីផ្សារអន្តរជាតិ IG នៅអូស្ត្រាលី បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ការចាប់អារម្មណ៍របស់ទីផ្សារឥឡូវនេះ បានងាកទៅរកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Trump ទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ៕

