អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់ជនស៊ីវិល ៨៨០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូន នៅក្នុងប្រទេសស៊ូដង់រវាងខែមករា និងខែមេសា ឆ្នាំនេះ ដោយព្រមានថា ការវាយប្រហារបែបនេះ កំពុងជំរុញជម្លោះឆ្ពោះទៅរក «ដំណាក់កាលថ្មី និងកាន់តែសាហាវ»។

ការិយាល័យសិទ្ធិមនុស្សរបស់ UN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមរបស់ខ្លួនប្រទេសស៊ូដង់ បានកំណត់ថា៖«ការវាយប្រហារដោយដ្រូន បានបណ្តាលឲ្យជនស៊ីវិល ៨៨០នាក់ ស្លាប់ គឺច្រើនជាង ៨០ ភាគរយនៃការស្លាប់ជនស៊ីវិលទាំងអស់ដែលទាក់ទងនឹងជម្លោះ រវាងខែមករា និងខែមេសា ឆ្នាំនេះ» ដោយប្រធានសិទ្ធិមនុស្សលោក Volker Turk បានសង្កត់ធ្ងន់ថា «យានដ្រូនប្រដាប់អាវុធឥឡូវនេះបានក្លាយជាមូលហេតុចម្បងនៃការស្លាប់ជនស៊ីវិល»៕
