ប្រទេសថៃអាចប្រឈមនឹង «វិបត្តិទឹកទ្វេដង» នៅឆ្នាំ២០២៦ នេះ បន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃ បានព្យាករថា បាតុភូត El Nino អាចកើតឡើងក្នុងអំឡុងខែឧសភា ដល់ខែកក្កដា ដែលធ្វើឲ្យតំបន់ជាច្រើនមានហានិភ័យខ្វះខាតទឹក។
បញ្ហានេះបានជំរុញឲ្យអាជ្ញាធរទឹកខេត្ត (PWA) ពន្លឿនផែនការឆ្លើយតបទូទាំងប្រទេស និងតាមដានសាខាចំនួន ២០ ដែលប្រឈមហានិភ័យខ្វះខាតទឹក។ អ្នកជំនាញអាកាសធាតុបានព្រមានថា ថៃកំពុងប្រឈមជាមួយបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ និងពិបាកទស្សន៍ទាយបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលធ្វើឲ្យមានលទ្ធភាពបង្កជាភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងទឹកហូរច្រោះ ក្នុងពេលតែមួយ។
លោក Tara Buakamsri នាយកកម្មវិធី Climate Connectors បាននិយាយថា អង្គការឧតុនិយមពិភពលោក បានវាយតម្លៃថា បាតុភូត El Nino ទំនងជាចាប់ផ្តើមមាន ចាប់ពីពាក់កណ្តាលឆ្នាំ២០២៦ ហើយប៉ះពាល់ដល់សីតុណ្ហភាព និងទម្រង់ទឹកភ្លៀង នៅក្នុងតំបន់ជាច្រើនទូទាំងពិភពលោក។

ប្រមុខ PWA លោក Chakapong Kamchan បាននិយាយថា ដោយផ្អែកលើការព្យាករគ្រោះរាំងស្ងួតឆ្នាំ២០២៦ PWA បានវាយតម្លៃតំបន់ដែលអាចខ្វះទឹកឆៅ (ទឹកធម្មជាតិ)។ ស្ថាប័នេះបានរកឃើញសាខាចំនួន ២០ នៅក្នុងខេត្ត ១៧ ដែលមានហានិភ័យមិនមានទឹកគ្រប់គ្រាន់ និងសាខា ៧ផ្សេងទៀត នៅក្នុងខេត្តចំនួន ៥ ដែលមានហានិភ័យ ពាក់ព័ន្ធនឹងគុណភាពទឹក។
នៅភាគខាងជើង តំបន់ទំនាបប្រឈមហានិភ័យមានទឹកជំនន់ ខណៈដែលតំបន់កណ្តាល អាចរងផលប៉ះពាល់ ដោយសារទឹកហូរហៀរលើច្រាំងទន្លេ។ ចំណែកភាគខាងត្បូងហានិភ័យពីការមានទឹកហូរច្រោះ និងទឹកជំនន់គំហុកភ្លាមៗ នៅចុងឆ្នាំ២០២៦ ដែលតម្រូវឲ្យមានការត្រួតពិនិត្យ និងប្រព័ន្ធត្រៀមលក្ខណៈយ៉ាងដិតដល់។
តំបន់ដែលត្រូវការការត្រួតពិនិត្យពិសេស គឺ Mae Sai ខេត្ត Chiang Rai ពីព្រោះតំបន់ខាងលើ នៅក្នុងរដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា ទំនងជាមានភ្លៀងធ្លាក់ខ្លាំង។ សន្ទស្សន៍ភាពធ្ងន់ធ្ងរ គឺស្ថិតនៅចន្លោះ ០,៧ ដល់ ០,៨ ដែលឆ្លុះបញ្ចាំងពីហានិភ័យនៃការហូរច្រោះ និងទឹកជំនន់៕
