ជនស៊ីវិលនៅកោះតៃវ៉ាន់ បានបន្តពង្រឹងជំនាញការពារខ្លួន ស្របពេលដែលអាជ្ញាធរ និងទីផ្សារ ឃ្លាំមើលកិច្ចប្រជុំជិតកើតមាន រវាងលោក Trump និងលោក Xi ដែលត្រូវបានគេមើលឃើញថាជាហានិភ័យខ្ពស់ចំពោះសន្តិសុខរបស់កោះមួយនេះ បន្ថែមពីលើភាពមិនប្រាកដប្រជាថា តើកិច្ចប្រជុំកំពូលរបស់ប្រទេសមហាអំណាចទាំង ២ នឹងអាចផ្លាស់ប្តូរអនាគតរបស់តៃវ៉ាន់ឬយ៉ាងណា ។
ការហ្វឹកហាត់ជំនាញទាំងនេះ រួមមានទាំងការបាញ់កាំភ្លើងវែង ការបំលាស់ទីក្រោមអណ្តាតភ្លើង និងការផ្តល់ជំនួយដំបូងនៅលើសមរភូមិ ។
មាននូវចំនួនកើនឡើងនៃពលរដ្ឋកោះតៃវ៉ាន់ ចូលរួមមុខវិជ្ជាការពារស៊ីវិល រួមទាំងវិធីបាញ់កាំភ្លើង ចាប់តាំងពីចិនលេងហ្គាមសង្រ្គាមនៅជុំវិញកោះតៃវ៉ាន់កាលពីឆ្នាំ ២០២២ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះមួយនេះ ដោយអតីតប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ។

ជាទូទៅ ការហ្វឹកហាត់ជំនាញបែបនេះ ត្រូវបានរៀបចំឡើងដោយក្រុមឯកជន និងអង្គការក្រៅរដ្ឋាភិបាល ។
សម្រាប់ភ្នាក់ងារលក់ Haku វ័យ ៣៦ឆ្នាំ ការចូលរួមហ្វឹកហាត់ជំនាញនេះ គឺជាការត្រៀមខ្លួនមួយ ជាជាងការឆ្លើយតបចំពោះស្ថានភាពភូមិសាស្រ្តនយោបាយ ។
អ្នកស្រី Haku និយាយថា គាត់មិនគិតថា ជំនួបនេះបែបណានោះទេ ហើយគំនិតរបស់គាត់ក៏មិនប៉ះពាល់លោក Trump ឬលោក Xiនោះដែរ ។ គាត់គ្រាន់តែគិតថា ការត្រៀមខ្លួន វាគឺជារឿងសំខាន់ នោះហើយគឺជាហេតុផលដែលគាត់មកហ្វឹកហាត់ជំនាញមួយនេះ ។
ក្រុមអ្នករៀបចំការបណ្តុះបណ្តាលជំនាញនិយាយថា ក្រុមរបស់ពួកគេ ត្រូវបានបង្កើតឡើងដោយក្រុមស្ម័គ្រចិត្តដែលចង់ពង្រឹងភាពធន់ការពារខ្លួនរបស់កោះតៃវ៉ាន់ ។ សមាជិកក្នុងក្រុម បានសម្រេចចិត្តរៀបចំការបណ្តុះបណ្តាលជំនាញការពារខ្លួននេះ ដើម្បីត្រៀមខ្លួនបន្ថែមទៀត ក្នុងការការពារកោះតៃវ៉ាន់ ៕
